ការលក់បន្ទះឈីប AI របស់ Nvidia ទៅកាន់ក្រុមហ៊ុនចិន ByteDance ត្រូវផ្អែកលើល័ក្ខខ័ណ្ឌដែលរដ្ឋាភិបាលត្រាំ កំណត់

06-02-2026 09:48

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ខ្នាតយក្ស Nvidia ត្រូវបានរាយការណ៍មកថា ទទួលការយល់ព្រមជាបឋមពីរដ្ឋាភិបាលអាមេរិក ក្នុងការលក់បន្ទះឈីបកម្រិតខ្ពស់ប្រភេទ H200 ទៅកាន់ក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់កម្មវិធីវីដេអូខ្លី TikTok។ ទោះបីជាយ៉ាងណា ការលក់ជាក់ស្តែងហាក់មិនទាន់អាចដំណើរការបាននៅឡើយទេ ទាល់តែ Nvidia និងរដ្ឋាភិបាលអាមេរិកព្រមព្រៀងគ្នាលើល័ក្ខខ័ណ្ឌដែលត្រូវបំពេញ មុនពេលធ្វើកិច្ចព្រមព្រៀងជាលក្ខណៈពេញលេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ល័ក្ខខណ្ឌសំខាន់មួយដែលកំពុងត្រូវបានលើកយកមកពិភាក្សា និងប្រយោជន៍នោះគឺ ការត្រួតពិនិត្យ «ស្វែងយល់អំពីអតិថិជន» (Know-Your-Customer ឬ KYC) ដែលរដ្ឋាភិបាលអាមេរិកបានរៀបចំឡើង ដើម្បីធានាថា បន្ទះឈីប H200 មិនត្រូវបានប្រើប្រាស់ដោយកងទ័ពចិន ឬអ្នកប្រើប្រាស់ដែលគ្មានសិទ្ធិ។ ទន្ទឹមនោះ Nvidia ក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិកអំពីល័ក្ខខណ្ឌទូទៅ សម្រាប់លិខិតអនុញ្ញាតនាំចេញទៅកាន់ក្រុមហ៊ុនចិនផ្សេងទៀតផងដែរ។ ក្រុមហ៊ុនបានថ្លែងថា ខ្លួនមិនអាចទទួល ឬបដិសេធល័ក្ខខណ្ឌដោយខ្លួនឯងបានទេ ព្រោះខ្លួនជាអ្នកចងក្រងការភ្ជាប់រវាងរដ្ឋាភិបាលអាមេរិក និងអតិថិជនដែលមានសក្តានុពល។ Nvidia ក៏បញ្ជាក់ថា ល័ក្ខខណ្ឌដែលបានកំណត់ ត្រូវមានភាពអាចអនុវត្តទៅបានក្នុងដំណើរការជាក់ស្តែង ពោលគឺមិនត្រូវធ្វើឡើង ដើម្បីតែធ្វើឱ្យទីផ្សារទំនិញ ក្លាយទៅជាមិនទាន់ប្រកួតប្រជែងបានទេ។

ByteDance ដែលជាក្រុមហ៊ុន AI ធំមួយនៅចិន និង ជាម្ចាស់របស់កម្មវិធីដ៏ល្បី TikTok ផងនោះ មិនទាន់មានមតិយោបល់ភ្លាមៗជុំវិញព័ត៌មានខាងលើនោះទេ។ ងាកមក ក្រសួងពាណិជ្ជកម្មអាមេរិក ក៏មិនបានឆ្លើយតបនូវសំណើសុំការពន្យល់ពីករណីនេះក្នុងពេលនេះដែរ។

គួរជម្រាបថា រដ្ឋាភិបាលអាមេរិកត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យ Nvidia លក់បន្ទះឈីបកម្រិតខ្ពស់ប្រភេទ H200 និងបន្ទះឈីបដូចគ្នាពីក្រុមហ៊ុន AMD ទៅកាន់ក្រុមហ៊ុនផ្សេងៗនៅចិន ប្រសិនបើក្តីព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិត្រូវបានដោះស្រាយរួចរាល់៕