ទោះបីពុំមានបម្រាមរបស់លោក ត្រាំ ក៏ព្រឹត្តិការណ៍ World Cup 2026 កំណត់ចំនួនអ្នកគាំទ្រចូលរួមដែរ

06-02-2026 10:20

(បរទេស)៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានឃាំងអ្នកគាំទ្រមួយចំនួន ពីការចូលរួមគាំទ្រក្រុមជម្រើសជាតិពួកគេនៅ World Cup 2026 ក៏សហព័ន្ធ FIFA ចាត់ការរឿងនេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ unilad។

សហរដ្ឋអាមេរិក រួមទាំងកាណាដា និងមិចស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នាសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា ដោយមាន ៤៨ប្រទេសចូលរួម។

លោក ត្រាំ បានសម្រេចបង្កកទិដ្ឋាការសម្រាប់អ្នកគាំទ្រមួយចំនួនមកពីបណ្តាប្រទេសដទៃ មុនពេល World Cup លើកទី២៣ ចាប់ផ្តើម។ ប្រទេសទាំងនោះរួមមាន ម៉ារ៉ុក ហៃទី កូដឌីវ័រ ទុយនេស៊ី អេហ្ស៊ីប អ៉ីរ៉ង់ កាប់វ៉េ អ៊ុយរូហ្គាយ សេណេហ្គាល់ អាល់ហ្សេរី ហ្ស៊កដានី អ៊ូសបេគីស្ថាន កូឡុំប៊ី ហ្គាណា និងប្រេស៊ីល ហើយអាល់បានី កូសូវ៉ូ អ៉ីរ៉ាក់ និងម៉ាសេដូន ត្រៀមលេងជម្រុះនាខែក្រោយ។

ទោះជាបែបនេះក្តី សហព័ន្ធ FIFA ធ្លាប់បានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២៥ ថា តម្លៃសំបុត្រទស្សនា World Cup វគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង New York ស្ថិតក្នុងតម្លៃចន្លោះចាប់ពី ៤,០០០ ទៅ ៨,០០០ដុល្លារក្នុង ១សន្លឹក ដែលជារបាំងមួយសម្រាប់អ្នកគាំទ្រ ក្នុងការមានវត្តមានដោយផ្ទាល់ក្នុងកីឡដ្ឋាន។

តម្លៃសំបុត្រវាប្រែប្រួលទៅតាមគូប្រកួត និងវគ្គនីមួយៗ ជាឧទាហរណ៍ ការប្រកួតសន្សំពិន្ទុតាមពូល ស្ថិតក្នុងតម្លៃចាប់ពី ១៤០ ឡើងដល់ ២,៧៣៥ដុល្លារក្នុង ១សន្លឹក និងតម្លៃទាបបំផុតចាប់ពី ៦០ដុល្លារឡើងទៅផងដែរ៕