ប្រធានសហព័ន្ធ រំពឹងការសាបព្រួសចំណេះដឹង កីឡាទោចក្រយានកាន់តែទូលំទូលាយ ក្រោយបិទវគ្គគ្រូកម្រិត១

06-02-2026 13:17

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា រំពឹងការសាបព្រួសចំណេះដឹង បច្ចេកទេស កីឡាទោចក្រយានកាន់តែទូលំទូលាយតាមបណ្ដាក្លិបរាជធានី-ខេត្ត ក្រោយបិទបញ្ចប់វគ្គគ្រូកម្រិត១ ដើម្បីផលិតបាននូវធនធានកីឡាករ-កីឡាការិនីថ្មីៗ និងមានសមត្ថភាព ទេពកោសល្យ ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ ក្រោយដំណើរការសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២-០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គនេះមានសិក្ខាកាម ២៥រូបចូលរួម និងបង្រៀនដោយគ្រូឧទ្ទេសកម្រិតអន្ដរជាតិលោក យឿន ភីយុទ្ធ។

យោងតាមរបាយការណ៍អគ្គលេខាធិការសហព័ន្ធលោក នូ ចំរើន វគ្គនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាពគ្រូបង្វឹកជាតិ ក្នុងការបង្វឹក និងបញ្ជូនកីឡាករមកចូលរួមប្រកួតឲ្យបានសមស្រប ដោយអនុលោមតាមស្ដង់ដាររបស់ស្ថាប័នកីឡាទោចក្រយានតំបន់ ទ្វីប និងពិភពលោក ពិសេសការបណ្ដុះបណ្ដាលធនធានគ្រូបង្វឹក និងកីឡាករតាមបណ្ដារាជធានី-ខេត្ត ក្នុងទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។

ឆ្លងការសិក្សារយៈពេល ៤ថ្ងៃ ដោយមានការខិតខំបង្រៀនពីគ្រូឧទ្ទេស និងខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស លោក ប៉ាន សូរស័ក្ដិ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះ ដើម្បីបញ្រ្ជាប់ការយល់ដឹងកាន់តែច្បាស់ អំពីបច្ចេកទេស ក៏ដូចជាការរៀបចំបង្វឹកកីឡា និងសម្ភារពាក់ព័ន្ធ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោកបន្ដថា «បន្ទាប់ពីទទួលបាននូវវគ្គសិក្សាដ៏មានសារសំខាន់នេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងនេះទៅ ចែករំលែកបន្តដល់សមាគម-ក្លិប និងក្រុមកីឡាករ-កីឡាការិនីរបស់ខ្លួន នៅតាមរាជធានី-ខេត្ត ស្របតាមផែនការអភិវឌ្ឍ ជំនាញបច្ចេកទេស សម្រាប់ការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិនានានាពេលខាងមុខ ពិសេសការបណ្ដុះនូវធនធានកីឡាករ-កីឡាការិនីបន្ដវេនត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១»

គួរដឹងថា ឆ្លងកាត់ការសិក្សាដែលបង្រៀនដោយគ្រូឧទ្ទេសជាជនជាតិខ្មែរលើកដំបូង ជាលទ្ធផលលោក យឿន ភីយុទ្ធ បានវាយតម្លៃក្នុងចំណោមសិក្ខាកាមចូលរួម មានសិក្ខាកាមទទួលបាននិទ្ទេសល្អ ២០% និទ្ទេសល្អបង្គួរ ៥០% និងនិទ្ទេសមធ្យម ៣០%៕