Amazon ចាយលុយវាល់លានលានដុល្លារលើ AI និងសុខចិត្តបិទហាងទំនិញខ្លួនឯង ដើម្បីការពារតំណែងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស

06-02-2026 14:38

(បរទេស)៖ ក្រុមហ៊ុន Amazon បានធ្វើឱ្យពិភពហិរញ្ញវត្ថុមានការភ្ញាក់ផ្អើល បន្ទាប់ពីប្រកាសបង្កើនកញ្ចប់ថវិកាវិនិយោគរហូតដល់ជាង ៥០% នៅឆ្នាំនេះ ដើម្បីសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ ការប្រកាសចាយលុយធំនេះ បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ ១១,៥% ភ្លាមៗ ក្រោយលេចឮព័ត៌មានថា Amazon គ្រោងនឹងចាក់បញ្ចូលទឹកប្រាក់រហូតដល់ ២០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦។ លោក Gil Luria អ្នកវិភាគនៅ D.A. Davidson បានកត់សម្គាល់ថា៖ «Amazon ត្រូវតែវិនិយោគក្នុងកម្រិតនេះ ដើម្បីគ្រាន់តែអាចបន្តស្ថិតក្នុងការប្រកួតប្រជែងបាន»។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នំា២០២៦។

ទោះបីជាអ្នកវិនិយោគព្រួយបារម្ភពីរឿងចំណាយច្រើន ប៉ុន្តែនាយកប្រតិបត្តិ (CEO) លោក Andy Jassy បានចេញមុខការពារជំហររបស់ខ្លួន។ លោកបានពន្យល់ថា ទោះបីជាគូប្រជែង (ដូចជា Google និង Microsoft) មើលទៅមានកំណើនភាគរយខ្ពស់ជាង ប៉ុន្តែក្នុងនាមជាបងធំដែលមានចំណូលសរុបដល់ទៅ ១៤២ ពាន់លានដុល្លារក្នុងមួយឆ្នាំ ការរក្សាបានកំណើន ២៤% របស់ Amazon គឺជារឿងដ៏អស្ចារ្យបំផុត។ លោកបានបញ្ជាក់ថា៖ «វាមានភាពខុសគ្នាខ្លាំងរវាងការសម្រេចបានកំណើនលើចំណូលដ៏មហិមា ធៀបនឹងការមានកំណើនខ្ពស់នៅលើមូលដ្ឋានចំណូលដែលតូចជាងឆ្ងាយ»។

ក្រៅពីវិស័យបច្ចេកវិទ្យា Amazon ក៏កំពុងកែសម្រួលអាជីវកម្មលក់រាយរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនបានសម្រេចចិត្តបិទហាងលក់ទំនិញផ្ទាល់ដូចជា Amazon Fresh និង Go ដើម្បីងាកទៅពង្រីកហាងខ្នាតយក្ស Whole Foods វិញក្នុងបំណងប្រជែងផ្ទាល់ជាមួយ Walmart។ លោក Andy Jassy បានសង្កត់ធ្ងន់ថា ការប្រើ AI នឹងជួយឱ្យក្រុមហ៊ុនធ្វើការងារកាន់តែមានប្រសិទ្ធភាព៖ «យើងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ... ដើម្បីកែប្រែអ្វីដែលមិនអាចទៅរួចពីមុន ឱ្យក្លាយជាអាចទៅរួចវិញ»

គូសបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ Amazon នៅពេលនេះ គឺសុខចិត្ត «ឈឺសាច់» នៅថ្ងៃនេះ ដើម្បីឈ្នះនៅថ្ងៃស្អែក។ ក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិកសាជីវកម្មរាប់ម៉ឺននាក់ និងបិទអាជីវកម្មដែលមិនចំណេញ ដើម្បីយកលុយទៅចាក់លើ AI ដែលជាអាវុធថ្មីនៃយុគសម័យឌីជីថល។ ជោគជ័យនាពេលអនាគត នឹងអាស្រ័យទៅលើថា តើការចំណាយរាប់ពាន់លានដុល្លារទាំងនេះ អាចប្រែក្លាយទៅជាផលចំណេញមកវិញបានលឿនកម្រិតណា ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់ Wall Street៕