អាមេរិក និងចិន ជ្រើសរើសមិនចូលរួមចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យយោធា
06-02-2026 14:41
(បរទេស)៖ នៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិមួយអំពី AI ផ្នែកយោធា មានប្រទេសប្រហែល 1/3 ប៉ុណ្ណោះ ដែលយល់ព្រមចុះហត្ថលេខាលើឯកសារនេះ ខណៈដែលប្រទេសមានកម្លាំងយោធាធំៗ និងខ្លាំងដូចជា អាមេរិក និងចិន បានជ្រើសរើសមិនចូលរួម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
អ្នកចូលរួម និងប្រតិភូមកពីបណ្តាប្រទេសជាច្រើន បាននិយាយថា ភាពតានតឹងក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប និងភាពមិនប្រាកដប្រជាថា ទំនាក់ទំនងអន្តរជាតិនាពេលអនាគតនឹងទៅទិសណា បានធ្វើឱ្យប្រទេសមួយចំនួនស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នា។ រដ្ឋាភិបាលនៃបណ្តាប្រទេសនានាកំពុងព្រួយថា ការអភិវឌ្ឍ AI លឿនពេក, ច្បាប់ និងបទប្បញ្ញត្តិមិនទាន់ពេញលេញ អាចនាំទៅកាន់កំហុសក្នុងប្រព័ន្ធយោធា ដូចជាការយល់ច្រឡំ និងការបង្កើនភាពតានតឹងដោយអចេតនា។
រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយថា ប្រទេសនានាកំពុងជួបបញ្ហាដូចជា «ស្ថានភាពអ្នកទោស» (prisoner’s dilemma) មានន័យថា ម្ខាងចង់ដាក់ច្បាប់គ្រប់គ្រងឲ្យមានការទទួលខុសត្រូវ ខណៈមួយផ្នែកទៀតមិនចង់ដាក់កំហិតខ្លួនឯង ខណៈសត្រូវកំពុងអភិវឌ្ឍលឿន។ លោកថា រុស្ស៊ី និងចិនកំពុងដំណើរការលឿនណាស់ក្នុង AI ដូច្នេះការអភិវឌ្ឍត្រូវធ្វើ ប៉ុន្តែក៏ត្រូវប្រើដោយទំនួលខុសត្រូវដែរ។
គួរជម្រាបថា ក្នុងកិច្ចប្រជុំ Responsible AI in the Military Domain (REAIM) summit គឺធ្វើឡើងនៅថ្ងៃទី០៤ និងទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុង A Coruna ប្រទេសអេស្ប៉ាញ ដោយមាន ៨៥ប្រទេសចូលរួម តែមានត្រឹម ៣៥ប្រទេស ប៉ុណ្ណោះដែលចុះហត្ថលេខា។ ក្នុងឯកសារនោះមាន ២០គោលការណ៍ សំខាន់ៗ ដូចជា៖ មនុស្សត្រូវមានការទទួលខុសត្រូវលើអាវុធ AI, ត្រូវមានខ្សែបញ្ជាការច្បាស់លាស់, ចែករំលែកព័ត៌មានអំពីការត្រួតពិនិត្យ (មិនប៉ះពាល់សន្តិសុខជាតិ), វាយតម្លៃហានិភ័យ, សាកល្បងប្រព័ន្ធឲ្យម៉ឺងម៉ាត់ និង បណ្តុះបណ្តាលអ្នកប្រើប្រាស់ AI ផ្នែកយោធា។
ទោះបីជាឯកសារនោះ មិនមែនជាកាតព្វកិច្ចផ្លូវច្បាប់ក៏ដោយ ក៏ប្រទេសខ្លះនៅតែមិនសុខចិត្តចុះហត្ថលេខា ព្រោះវាហាក់បីដូចជាកំណត់គោលនយោបាយច្បាស់ជាងមុន ស្រពេលពិភពលោកកំពុងព្រួយពី AI ក្នុងសមរភូមិសង្គ្រាម៕









