ប្រធានសហព័ន្ធ ដាក់គោលដៅឲ្យមន្ទីរហិរញ្ញវត្ថុរាជធានី-ខេត្ត ត្រូវទ្រទ្រង់ និងឧបត្ថម្ភគាំទ្រគ្រប់ក្លឹបការ៉ាតេទូទាំងប្រទេស
06-02-2026 15:00
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានដាក់គោលដៅឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រប់រាជធានី-ខេត្ត ត្រូវចូលរួមទ្រទ្រង់ និងឧបត្ថម្ភគាំទ្រសមាគម/ក្លឹបទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៦ នេះតទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឱ្យកាន់តែរីកចម្រើន។
នេះបើតាមការឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេសចូលរួមសរុប ៤៦៣នាក់។
លោកបានវាយតម្លៃខ្ពស់ ចំពោះកំណើនសមាគម/ក្លឹប និងសិស្សគុនការ៉ាតេចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ បើធៀបកាលពីឆ្នាំមុនៗ ដែលបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាការ៉ាតេកម្ពុជា។ បន្ថែមលើនេះ លោកក៏បានបង្ហើបនូវដំណឹងល្អ សម្រាប់សមាគម/ក្លឹបជាសមាជិកសហព័ន្ធ អំពីការកំណត់គោលដៅឲ្យមន្ទីរហិរញ្ញវត្ថុគ្រប់រាជធានី-ខេត្ត ចូលរួមទ្រទ្រង់ ដើម្បីជំរុញកីឡាការ៉ាតេតាមបណ្ដាក្លឹបរាជធានី-ខេត្តផងដែរ។
លោក វ៉ាត់ ចំរើន បន្ដថា «ឆ្នាំនេះដោយបានការចង្អុលបង្ហាញ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គឺក្លឹបរាជធានី-ខេត្តទាំងអស់ នឹងទទួលបាននូវការគាំទ្រពីមន្ទីរហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលឯកឧត្តម្ភបានដាក់គោលដៅឲ្យមន្ទីររាជធានី-ខេត្ត ជាអ្នកទ្រទ្រង់ និងឧបត្ថម្ភគាំទ្រដល់ក្លិបតាមរាជធានី-ខេត្ត។ សហព័ន្ធ កំពុងតែធ្វើវិធីសាស្ដ្រ និងរបៀបរបប នៃការរៀបចំឲ្យមានការឧបត្ថម្ភគាំទ្រនេះ ឲ្យប្រព្រឹត្តទៅដោយរលូន»។
«ហេតុនេះសូមលោកគ្រូ-អ្នកគ្រូ និងក្លឹបគ្រប់រាជធានី-ខេត្តទាំងអស់ សូមមេត្ដាធ្វើទំនាក់ទំនងជាមួយសហព័ន្ធរបស់យើង ហើយយើងនឹងជួបជុំគ្នា ក្នុងរយៈពេលខ្លីនេះ ដើម្បីបង្ហាញអំពីរបៀបនៃការធ្វើការងារជាមួយមន្ទីរហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលចាំជួយដល់ក្លិប មានការខ្វះខាត ជាពិសេសការរៀបចំឲ្យមានសម្ភារ និងឧបករណ៍កីឡាការ៉ាតេ ក៏ដូចជាសម្លៀកបំពាក់ការ៉ាតេផ្សេងៗទៀត ដែលអាចជួយជំរុញដល់ការហ្វឹកហាត់តាមក្លិបបានល្អប្រសើរ»។
នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានសហព័ន្ធ ក្នុងការខិតខំប្រឹងប្រែង និងជួយជ្រោមជ្រែង ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងការប្រកួតប្រជែងដោយស្មើមុខមាត់លើឆាកអន្ដរជាតិ ជាពិសេសការអភិវឌ្ឍ និងផលិតនូវធនធានកីឡាករ-កីឡាការិនី សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ ផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម។
គួរដឹងថា ក្នុងចំណោមប្រតិភូកីឡា និងមន្ដ្រីបច្ចេកទេស ដែលចូលរួមការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ ១៧៦នាក់ និងកីឡាការិនី ១៥៨នាក់ ដែលត្រូវធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន ៦៦ វិញ្ញាសា។ ចំពោះការប្រកួតប្រចាំឆ្នាំនេះ គ្រោងនឹងបញ្ចប់នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕










