ជប៉ុន និងអូស្រ្តាលី ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី Asian Cup 2035

06-02-2026 17:41

(ម៉ែលបឺន)៖ ប្រភពពីសហព័ន្ធបាល់ទាត់អាស៊ី AFC បានឱ្យដឹងថា ប្រទេសអូស្រ្តាលី និងជប៉ុន បានក្លាយជាគូប្រជែងរបស់កូរ៉េខាងត្បូង និងគុយវ៉ែត ក្នុងការដេញថ្លៃសុំសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup នៅឆ្នាំ២០៣៥។

AFC ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ប្រាប់ពីម្ចាស់ផ្ទះ Asian Cup នៅឆ្នាំ២០៣១ និងឆ្នាំ២០៣៥ ក្នុងពេលជាមួយគ្នាតែម្តង នៅក្នុងសមាជប្រចាំឆ្នាំរបស់សហព័ន្ធគ្រប់គ្រងបាល់ទាត់អាស៊ីខាងលើ។ នេះបើយោងតាមការចេញផ្សាយដោយ Reuters។

ប្រភពដដែលបានគូសបញ្ជាក់ថា ជប៉ុនជាក្រុមខ្លាំងប្រចាំតំបន់ មានបំណងធ្វើម្ចាស់ផ្ទះ Asian Cup 2035 តែម្នាក់ឯង ក្នុងនាមប្រទេសធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ជាមួយកូរ៉េខាងត្បូងកាលឆ្នាំ២០០២ នៅពេលដែលអារ៉ាប៊ីសាអូឌីត នឹងធ្វើម្ចាស់ផ្ទះ Asian Cup 2027 និង World Cup 2034។

គិតមកទល់ពេលនេះ AFC ទទួលបានបេក្ខភាព ៣ប្រទេសហើយ ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup 2031 រួមមាន ឥណ្ឌា និងឥណ្ឌូនេស៊ី ជាមួយនឹង ៣ប្រទេសរួមគ្នាផងដែរពីអាស៊ីកណ្តាល គីហ្ស៊ីស្ថាន អ៊ូបេគីស្ថាន និងតាជីគីស្ថាន៕