Tesla ឈរជើងយ៉ាងរឹងមាំក្នុងចំណាត់ថ្នាក់លេខ ៣ នៅចិន ប៉ុន្តែត្រៀមប្រឈមនឹង «បញ្ហាដៃទ្វារ» ក្នុងពេលឆាប់ៗ

07-02-2026 08:13

(បរទេស)៖​ ទោះបីជាទីផ្សាររថយន្តអគ្គិសនី (EV) ក្នុងប្រទេសចិនកំពុងជួបបញ្ហាយឺតយ៉ាវយ៉ាងណាក្តី ក៏ក្រុមហ៊ុន Tesla នៅតែអាចរក្សាសន្ទុះលក់បានយ៉ាងល្អក្នុងខែមករា ឆ្នាំ២០២៦ នេះ។ យោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ការនាំចេញរថយន្តពីក្នុងរោងចក្រ Tesla នៅសៀងហៃបានកើនឡើង ៩% (ដល់ជាង ៦៩,០០០ គ្រឿង) បើធៀបនឹងខែមករាឆ្នាំមុន។ លទ្ធផលនេះបានធ្វើឱ្យ Tesla ក្លាយជាក្រុមហ៊ុនបរទេសតែមួយគត់ដែលនៅតែរឹងមាំ ខណៈដែលក្រុមហ៊ុនយក្សក្នុងស្រុកដូចជា BYD បែរជាជួបការធ្លាក់ចុះការលក់យ៉ាងគំហុកដល់ទៅ ៣០% ដោយសារការកាត់បន្ថយការលើកលែងពន្ធពីរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ដើម្បីទប់ទល់នឹងសង្គ្រាមតម្លៃនេះ Tesla បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចុះតម្លៃ និងកម្មវិធីកម្ចីការប្រាក់ ០% រហូតដល់ ៥ ឆ្នាំ ឬការប្រាក់ទាបបំផុតសម្រាប់រយៈពេល ៧ ឆ្នាំ។ លោកស្រី Abbie Tu អ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់មកពី S&P Global Mobility បានប្រាប់ CNBC ថា៖ «យើងបានឆ្លងកាត់សង្គ្រាមតម្លៃដ៏ខ្លាំងក្លាដែលបានបន្តកើតមាន ទោះបីជារដ្ឋាភិបាល និងវិស័យឧស្សាហកម្មបានអំពាវនាវដល់ក្រុមហ៊ុនផលិតរថយន្ត កុំឱ្យប្រើប្រាស់យុទ្ធសាស្ត្រតម្លើងថ្លៃវាយប្រហារគ្នាក៏ដោយ»។ ការប្រកួតប្រជែងនេះបានធ្វើឱ្យតម្លៃរថយន្ត Tesla Model 3 នៅតែខ្ពស់ជាងរថយន្ត BYD Seal របស់ចិនដល់ទៅជិត ៣ ដង។

ទោះជាយ៉ាងណា Tesla កំពុងប្រឈមមុខនឹងបញ្ហាធំថ្មីមួយទៀត គឺបទបញ្ញត្តិសុវត្ថិភាពថ្មីរបស់ចិន ដែលនឹងត្រូវអនុវត្តនៅឆ្នាំ ២០២៧។ ច្បាប់នេះតម្រូវឱ្យរថយន្តទាំងអស់ត្រូវតែមាន «ដៃទ្វារបែបមេកានិច» (មិនមែនអគ្គិសនីសុទ្ធ) ដើម្បីធានាថាអ្នកដំណើរអាចចេញក្រៅបានពេលមានអាសន្ន ឬដាច់ចរន្តអគ្គិសនី។ លោក Tu Le ស្ថាបនិកក្រុមហ៊ុនប្រឹក្សា Sino Auto Insights បានលើកឡើងថា ការរឹតបន្តឹងលើដៃទ្វាររថយន្តលាក់ក្នុងតួដែលជាចំណុចសម្គាល់របស់ Tesla នេះ «ទំនងជានឹងបង្កជាការឈឺក្បាលកម្រិតមធ្យម» សម្រាប់ក្រុមហ៊ុនក្នុងការកែសម្រួលរចនាសម្ព័ន្ធរថយន្តរបស់ខ្លួនឱ្យស្របតាមស្តង់ដារថ្មី។

គួរជម្រាបថា ថ្វីបើ Tesla រក្សាបានចំណាត់ថ្នាក់លេខ ៣ ក្នុងទីផ្សារចិន ប៉ុន្តែការផ្លាស់ប្តូរគោលនយោបាយពន្ធ និងបទបញ្ញត្តិសុវត្ថិភាពថ្មីៗ កំពុងក្លាយជាឧបសគ្គដ៏ធំដែលក្រុមហ៊ុនអាមេរិកមួយនេះត្រូវដោះស្រាយ ដើម្បីបន្តឈរជើងក្នុងទីផ្សារ EV ធំបំផុតលើលោកមួយនេះ៕