តម្លៃភាគហ៊ុនក្រុមហ៊ុន Software អាមេរិកធ្លាក់ចុះខ្លាំង ធ្វើឲ្យបាត់បង់តម្លៃប្រមាណ ១ទ្រីលានដុល្លារក្នុងមួយសប្ដាហ៍

07-02-2026 10:00

(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Software និងសេវាទិន្នន័យនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះខ្លាំងបន្តគ្នាជាច្រើនថ្ងៃមកហើយ ខណៈដែលអ្នកវិនិយោគកាន់តែព្រួយបារម្ភថា ការរីកចម្រើនលឿនពេកនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចបំផ្លាញ ឬបម្លែងគំរូអាជីវកម្ម Software ប្រពៃណី។ ការបន្តធ្លាក់ចុះនេះ បានបណ្តាលឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនដែលស្ថិតក្នុងវិស័យនេះ បាត់បង់តម្លៃប្រមាណ ១ទ្រីលានដុល្លារ ក្នុងរយៈពេលប្រមាណមួយសប្ដាហ៍ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមសន្ទស្សន៍ S&P 500 បានឲ្យដឹងថា ក្រុមហ៊ុន Software & Services បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈអ្នកជួញដូរខ្លះបានហៅស្ថានភាពនេះថា «software-mageddon» ដើម្បីពិពណ៌នាពីការលក់ចេញធំៗក្នុងវិស័យ Software។ ក្រុមហ៊ុនធំៗដែលរងផលប៉ះពាល់រួមមាន៖ ServiceNow ធ្លាក់លើស ៧%, Salesforce ធ្លាក់ជិត ៥% និងMicrosoft ក៏ធ្លាក់ប្រហែល ៥% ក្នុងរយៈពេលដូចគ្នា។ ការធ្លាក់ចុះនេះបង្ហាញថា ទោះបីជាក្រុមហ៊ុនធំៗក៏ដោយ ក៏មិនអាចគេចផុតពីសម្ពាធទីផ្សារបច្ចុប្បន្នបានដែរ។ អ្នកវិនិយោគបារម្ភថា AI អាចជំនួស Software មួយចំនួន ឬកាត់បន្ថយតម្រូវការផលិតផលចាស់ៗ។

គួរជម្រាបថា ការធ្លាក់ចុះវិស័យ Software បានជំរុញឲ្យមានការបម្លែងទិសដៅវិនិយោគទៅវិស័យដែលគេមើលថា មានស្ថេរភាពជាង ដូចជាទំនិញប្រើប្រាស់ប្រចាំថ្ងៃ ថាមពល និងឧស្សាហកម្ម។ ការប្រែប្រួលនេះ ក៏បង្កើនភាពមិនស្ថិតស្ថេរនៅលើទីផ្សារហ៊ុនទាំងមូលផងដែរ៕