Ronaldo បន្តអវត្តមាន ២ប្រកួតជាប់គ្នា ខណៈរបួសផ្លូវចិត្ត ទំនងមិនទាន់ជាសះស្បើយ

07-02-2026 10:26

(បរទេស)៖ ប្រធានក្រុម Cristiano Ronaldo បានខកខាន ២ប្រកួតជាប់ៗគ្នាតែម្តងនៅ Al-Nassr ក្រោយជួបភាពរកាំរកូសជាមួយក្លឹបនាពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Al-Nassr បានយកឈ្នះ Al-Ittihad ២-០ កាលពីរាត្រីថ្ងៃសុក្រយប់មិញក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ពីការធ្វើបានរបស់កីឡាករ Sadio Mane និង Angelo Gabiel ដោយពុំមានវត្តមានខ្សែប្រយុទ្ធដែលទើបឈានចូលវ័យ ៤១ឆ្នាំខាងលើឡើយ។

ទោះជាបែបនេះក្តី ក្រុមអ្នកគាំទ្ររបស់ Al-Nassr នៅតែបង្ហាញការគាំទ្រចំពោះ Ronaldo ក្នុងស្ថានភាពដែលស្ថិតក្នុងមន្ទិលផងដែរ ជុំវិញអនាគតរបស់គេលេងនៅអារ៉ាប៊ីសាអូឌីត ដែលទើបបន្តកិច្ចសន្យាថ្មីក្នុងរយៈពេល ២ឆ្នាំ។

ប្រធានក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ Ronaldo បានផ្តើមអវត្តមានលើកដំបូងក្នុងលីគ នៅពេល Al-Nassr បានយកឈ្នះ Al-Riyadh ១-០ កាលពីថ្ងៃចន្ទ ក្នុងនាមខ្សែប្រយុទ្ធដែលរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំមានដល់ទៅ ១៧៧លានផោនឯណោះ ក្រោយចាកចេញពី Manchester United នាអំឡុងខែធ្នូ ឆ្នាំ២០២២។

ក្រោយឆ្លងកាត់បាន ២០ប្រកួតនារដូវកាលនេះ Al-Nassr បានឈរនៅលំដាប់ទី២ ក្នុងលីគ Pro League តាមពីក្រោយក្រុមកំពូលតារាង Al-Hilal ១ពិន្ទុ នៅពេលខ្សែប្រយុទ្ធចំណូលថ្មី Karim Benzema វ័យ ៣៨ឆ្នាំ ស៊ុតបាន ៣គ្រាប់ (ហែតទ្រីក) ក្នុងចំណោមជ័យជម្នះ ៦-០ ទៅលើគូប្រជែង Al-Okhdood កាលពីថ្ងៃព្រហស្បតិ៍ ដែលជា ១ប្រកួតដំបូងរបស់កីឡាករបារាំងរូបនេះ ដែលលេងឱ្យក្លឹបស្ថិតក្រោមម្ចាស់តែមួយរបស់ Ronaldo ដែរ៕