Apple សម្រេចបើកផ្លូវឱ្យ ChatGPT និង AI ល្បីៗបង្ហាញខ្លួនលើ CarPlay ជាលើកដំបូង
07-02-2026 11:30
(បរទេស)៖ យោងតាមរបាយការណ៍ថ្មីបំផុតពី Bloomberg News បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងរៀបចំផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់មួយ ដោយត្រៀមអនុញ្ញាតឱ្យកម្មវិធី AI បញ្ជាដោយសំឡេងពីក្រុមហ៊ុនខាងក្រៅ អាចដំណើរការនៅលើប្រព័ន្ធ CarPlay បាន។ របត់ថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជជែក ឬសួរដេញដោលជាមួយ AI កំពូលៗដូចជា ChatGPT (OpenAI), Google Gemini និង Claude (Anthropic) បានដោយផ្ទាល់ពីក្នុងរថយន្ត។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ទោះបីជា Apple បើកសិទ្ធិឱ្យគូប្រជែងចូលមកក៏ដោយ ក៏ក្រុមហ៊ុននៅតែរក្សាឥទ្ធិពលផ្តាច់មុខរបស់ Siri ដដែល។ តាមប្រភពដដែលបានបញ្ជាក់ថា អ្នកប្រើប្រាស់ «មិនអាចផ្លាស់ប្តូរប៊ូតុង Siri ឬពាក្យបញ្ជាដាស់សេវាកម្ម (Wake word)» បានឡើយ។ នេះមានន័យថា ដើម្បីប្រើ AI ពីខាងក្រៅ អ្នកបើកបរត្រូវចុចបើកកម្មវិធីនោះដោយផ្ទាល់ជាមុនសិន ទើបមុខងារបញ្ជាដោយសំឡេងរបស់ AI នោះចាប់ផ្តើមដំណើរការ។
បច្ចុប្បន្ន ក្រុមហ៊ុនផលិត iPhone មួយនេះកំពុងសម្រុកអភិវឌ្ឍយ៉ាងសកម្ម ដើម្បីឱ្យប្រព័ន្ធថ្មីនេះអាចដាក់ឱ្យប្រើប្រាស់បានក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ គោលដៅចម្បងគឺអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍អាចរចនាកម្មវិធីដែល «ដំណើរការមុខងារសំឡេងដោយស្វ័យប្រវត្តិភ្លាមៗនៅពេលបើក» ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ ដោយមិនចាំបាច់ប្រើដៃបញ្ជាលើអេក្រង់ច្រើន។
គិតមកទល់ពេលនេះ Apple នៅមិនទាន់ចេញមុខបកស្រាយផ្លូវការជុំវិញរបាយការណ៍នេះនៅឡើយទេ។ ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា នេះគឺជាជំហានដ៏ឆ្លាតវៃក្នុងការទាញយកសមត្ថភាព AI ពីខាងក្រៅមកបំពេញចន្លោះខ្វះខាតរបស់ Siri ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ដែលចង់បានជំនួយការវៃឆ្លាតពិតប្រាកដក្នុងពេលធ្វើដំណើរ៕










