កំហុសបច្ចេកទេស! ក្រុមហ៊ុនគ្រីបតូកូរ៉េខាងត្បូង ច្រឡំដៃចែក Bitcoin តម្លៃ ៤៤ពាន់លានដុល្លារ ឱ្យអតិថិជន
07-02-2026 13:55
(បរទេស)៖ ពិភពរូបិយបណ្ណឌីជីថល Crypto បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនដោះដូររូបិយបណ្ណឌីជីថលយក្សរបស់កូរ៉េខាងត្បូង Bithumb បាន «ច្រឡំដៃ» ផ្ញើកាក់ Bitcoin សរុបដល់ទៅ ៦២០,០០០ កាក់ (តម្លៃប្រហែល ៤៤ ពាន់លានដុល្លារ) ទៅឱ្យអតិថិជនរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ហេតុការណ៍ដ៏មិនគួរឱ្យជឿនេះ បានកើតឡើងក្នុងអំឡុងពេលដែលក្រុមហ៊ុនរៀបចំកម្មវិធីផ្ដល់រង្វាន់លើកទឹកចិត្តដល់អតិថិជន។ តាមគម្រោង អតិថិជនម្នាក់ៗត្រូវទទួលបានប្រាក់ត្រឹមតែ ២,០០០ វ៉ុន (ប្រហែល ១.៣៧ ដុល្លារ) ប៉ុណ្ណោះ ជាកាដូ។ ប៉ុន្តែប្រព័ន្ធបែរជាមានបញ្ហាបច្ចេកទេស ដោយផ្ញើកាក់ឱ្យអតិថិជនម្នាក់ៗរហូតដល់ទៅ ២,០០០ Bitcoin (តម្លៃរាប់រយលានដុល្លារក្នុងម្នាក់) ទៅវិញ។
ភ្លាមៗបន្ទាប់ពីទទួលបាន «លាភសំណាង» ពីលើមេឃនេះ អតិថិជនមួយចំនួនបានសម្រុកលក់កាក់ទាំងនោះចេញ ដែលធ្វើឱ្យតម្លៃ Bitcoin នៅលើផ្សារ Bithumb ដាំក្បាលចុះដល់ទៅ ១៧% ក្នុងរយៈពេលដ៏ខ្លី។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានប្រញាប់ប្រញាល់ផ្អាកការដកប្រាក់ និងអាចទាញយកកាក់ត្រឡប់មកវិញបានរហូតដល់ ៩៩.៧% ក្នុងរយៈពេលត្រឹមតែ ៣៥ នាទីប៉ុណ្ណោះ។
ដើម្បីកុំឱ្យអតិថិជនមានការភ័យខ្លាច ក្រុមហ៊ុន Bithumb បានបញ្ជាក់ថា៖ «ហេតុការណ៍នេះមិនមែនជាការលួចចូលពីខាងក្រៅ (Hacking) នោះទេ ហើយក៏មិនមានការបំពានសន្តិសុខប្រព័ន្ធដែរ។ វាគឺជាកំហុសផ្នែករដ្ឋបាលសុទ្ធសាធ ហើយទ្រព្យសម្បត្តិផ្សេងទៀតរបស់អតិថិជនគឺនៅតែមានសុវត្ថិភាព ១០០%»។
គួរជម្រាបថា បច្ចុប្បន្ន ស្ថានភាពបានត្រឡប់មកសភាពដើមវិញហើយ ប៉ុន្តែវាបានក្លាយជាមេរៀនដ៏កក្រើកមួយក្នុងពិភពហិរញ្ញវត្ថុឌីជីថល អំពីហានិភ័យនៃ «កំហុសមនុស្ស» (Human Error) ដែលអាចធ្វើឱ្យទីផ្សារទាំងមូលរញ្ជួយបានត្រឹមមួយប៉ព្រិចភ្នែក៕











