បើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក​ ង ទូកនាគ​ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង​ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២​ នៅខេត្តស្វាយរៀង

07-02-2026 20:33

(ស្វាយរៀង)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ​ ឆ្នាំ២០២៦ បានអញ្ជើញបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក​ ង​ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង​ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា លើកទី២​ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល)​ ក្រុងស្វាយរៀង។

ពិធីនេះ មានការចូលរួមពីលោក​ ញ៉ែម​ សារី អភិបាលរងខេត្ត តំណាងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត ព្រមទាំងគណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា លោកអភិបាលរងខេត្ត លោក លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣​ លោក លោកស្រី ប្រធានមន្ទីអង្គភាពនានាជុំវិញខេត្ត លោក អភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាព លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកគ្រូ​ អ្នកគ្រូសិស្សានុសិស្ស​វិទ្យាល័យស្វាយរៀង​ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ក្រោមទិដ្ឋភាពសប្បាយរីករាយ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតកីឡាទូក «ង» ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា» លើកទី២ ឆ្នាំ២០២៥ មានរយៈពេលពីរថ្ងៃគឺ​ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀងមានទូកសរុបចំនួន៧០ទូក៕