ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន សម្ពោធបើកដំណើរការជាផ្លូវការ ដែលនឹងក្លាយជាទីតាំងជួបជុំដ៏សំខាន់ថ្មីមួយនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ

08-02-2026 14:03

(ភ្នំពេញ)៖ ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត បានសម្ពោធបើកដំណើរការផ្លូវការ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ដែលនឹងក្លាយជាទីតាំងជួបជុំដ៏សំខាន់ថ្មីមួយនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដោយនាំមកនូវបទពិសោធន៍ថ្មីនៃការរស់នៅ ការទិញទំនិញ និងការបង្កើតទំនាក់ទំនងកាន់តែប្រសើរក្នុងសហគមន៍។

ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត គឺជាគម្រោងពិសេសថ្មីមួយទៀតរបស់ក្រុមហ៊ុន អឺបេនលែន(Urbanland)ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកឈានមុខគេ និងមានបទពិសោធន៍ក្នុងការបង្កើតទីតាំងសហគមន៍សម្រាប់ការរស់នៅ ការធ្វើការ និងការកម្សាន្តប្រកបដោយផាសុកភាព។

ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត មានទីតាំងផ្សារស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ជាប់នឹងច្រកចេញចូលបុរីចន្ទគីរី១ ដោយមានចម្ងាយត្រឹមតែ៤នាទីប៉ុណ្ណោះពីរង្វល់មូលកួរស្រូវ និង៥ នាទីពីស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ដែលអាចបម្រើតម្រូវការរបស់ម្ចាស់ផ្ទះបុរីចន្ទគីរី១ និងបុរីចន្ទគីរី ក៏ដូចជាប្រជាជនរស់នៅក្នុងសហគមន៍ជុំវិញ។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន (Urbanland) បានមានប្រសាសន៍ថាផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោតបានបង្ហាញពីទស្សនវិស័យដែលជឿជាក់ថា ផ្សារសហគមន៍មិនត្រឹមតែជាគោលដៅទិញទំនិញតែប៉ុណ្ណោះទេ ប៉ុន្តែជាទីតាំងជួបជុំដ៏ជិតស្និទ្ធមួយសម្រាប់ប្រជាជនខ្មែរ។ ការរចនា ដើម្បីផ្សារភ្ជាប់មនុស្សគ្រប់រូប សម្រួលដល់ជីវិតប្រចាំថ្ងៃ និងពង្រឹងការលូតលាស់របស់សហគមន៍ជុំវិញផងដែរ។

លោកបន្តថា «ក្រុមហ៊ុន អឺបែនលែន (Urbanland) ផ្តោតយ៉ាងសំខាន់ទៅលើគុណភាព និងផាសុកភាព
ដោយមានគោលបំណងចម្បងក្នុងការបម្រើដល់តម្រូវការអ្នករស់នៅក្នុងរយៈពេលយូរអង្វែង ដូច្នេះហើយផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត គឺជាជំហានដ៏សំខាន់ និងរឹងមាំមួយរបស់យើងក្នុងការសម្រេចគោលដៅនេះ»។

លោក អ៊ុង វិសុទ្ធបញ្ញា នាយកគ្រប់គ្រងទូទៅ ផ្សារ ខេ ម៉ល បានឱ្យដឹងថា ផ្សារសហគមន៍ថ្មីនេះបានចាប់ផ្ដើមបើកដំណើរការសាកល្បងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋនៅជុំវិញតំបន់នេះ មកទទួលទានអាហារ ទិញទំនិញ និងសម្រាកលម្ហែកាយក្នុងបរិយាកាសបៃតងស្រស់បំព្រង។

ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីជាង ៨ពាន់ម៉ែត្រការ៉េ រចនាបែបបើកចំហអមដោយសួនធម្មជាតិ រួមទាំងកន្លែងលេងសម្រាប់កុមារ និងទីធ្លាធំទូលាយសម្រាប់ការជួបជុំជាមួយសកម្មភាពសប្បាយៗផ្សេងៗ។

ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត បានស្វាគមន៍ដៃគូសហការជាច្រើនដូចជាហាងម្ហូបអាហារ ភេសជ្ជៈ ហាងទំនិញ និងសេវាកម្មផ្សេងៗ រួមមាន៖ ហាងកាហ្វេ BROWN Coffee & Bakery ផ្សារទំនើប​ Lucky Supermarket ភោជនីយដ្ឋានស៊ុបចិន Kungku Kitchen ក្លឹបហាត់ប្រាណ Fitology Gym & Fitness ហាងមាន់បំពង Lucky Chicken ហាង Snow Yogurt ហាង ភេសជ្ជៈ D'Yogurt Bar ហាងការ៉េម Mixue ភោជនីយដ្ឋាន ពូបុត្រ និងការិយាល័យលក់បុរីចន្ទគីរី ដែលបង្កើតជាគោលដៅជួបជុំដ៏រស់រវើកសម្រាប់ការរស់នៅពេញលេញ និងកាន់តែងាយស្រួលរបស់សហគមន៍។

ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត គឺជាគម្រោងផ្សារសហគមន៍ទី២ របស់ក្រុមហ៊ុន អឺបែនលែន បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យនៃការនៃបើកដំណើរការ ផ្សារទំនើប ខេ ម៉ល វេង ស្រេង ដោយបច្ចុប្បន្នបានទទួលស្វាគមន៍ភ្ញៀវប្រមាណ៦,៣០០នាក់ក្នុងមួយថ្ងៃ ជាមួយហាងទំនិញល្បីៗ និងហាងម្ហូបអាហារជាច្រើនចំនួនជាង៤០សម្រាប់សហគមន៍តំបន់ វេង ស្រេង។ ក្រុមហ៊ុន អឺបេនលែន ក៏នឹងបន្តនាំមកនូវបទពិសោធន៍ថ្មីប្លែកតាមរយៈ ផ្សារសហគមន៍ ខេ ម៉ល ដើម្បីបម្រើដល់សហគមន៍ជុំវិញតំបន់ព្រែកត្នោតផងដែរ៕