ចិនត្រៀមអនុម័តវ៉ាក់សាំងមហារីករបស់រុស្ស៊ី ដែលអាចរង្គោះរង្គើដល់ឧស្សាហកម្មឱសថបស្ចិមប្រទេសតម្លៃ ២.៦ ទ្រីលានដុល្លារ

08-02-2026 15:29

(ប៉េកាំង)៖ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះរបាយការណ៍ដែលថា ប្រទេសចិនកំពុងរៀបចំអនុម័តវ៉ាក់សាំងការពារ និងព្យាបាលជំងឺមហារីកដែលបង្កើតឡើងដោយរុស្ស៊ី។ បោះជំហានដ៏ធំមួយនេះ មិនត្រឹមតែជាក្ដីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានគេមើលឃើញថា ជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ និងអាចឈានទៅដល់ការ «រុះរើ» ឧស្សាហកម្មព្យាបាលមហារីករបស់បស្ចិមប្រទេស ដែលមានតម្លៃមហាសាលរហូតដល់ ២.៦ ទ្រីលានដុល្លារ។

វ៉ាក់សាំងមហារីកប្រភេទ mRNA ដំបូងបង្អស់របស់រុស្ស៊ី មានឈ្មោះថា Enteromix ឬ Neooncovac ត្រូវបានរំពឹងថានឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០២៦ នេះ។

ខណៈដែលបស្ចិមប្រទេសគ្រប់គ្រងទីផ្សារឱសថមហារីកតាមរយៈការព្យាបាលរយៈពេលវែង និងមានតម្លៃថ្លៃ ការអនុម័តវ៉ាក់សាំងពីសំណាក់ទីក្រុងប៉េកាំង នឹងក្លាយជាការផ្លាស់ប្តូរតុល្យភាពអំណាចវេជ្ជសាស្ត្រសកល។ វ៉ាក់សាំងនេះ ត្រូវបានគេរាយការណ៍ថា ដំណើរការដោយការបង្វឹកប្រព័ន្ធភាពស៊ាំឱ្យស្គាល់ និងកម្ចាត់កោសិកាមហារីកដោយស្វ័យប្រវត្តិ ដែលជាវិធីសាស្ត្រមានប្រសិទ្ធភាព និងចំណាយតិចជាងការព្យាបាលបែបបុរាណ។

ឧស្សាហកម្មមហារីកតម្លៃ ២.៦ ទ្រីលានដុល្លាររបស់បស្ចិមប្រទេស អាចនឹងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើវ៉ាក់សាំងនេះ មានប្រសិទ្ធភាពខ្ពស់ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងទ្រង់ទ្រាយធំ។ នេះគឺជាការរង្គោះរង្គើដល់គំរូអាជីវកម្មឱសថដែលផ្ដោតលើការព្យាបាលយូរអង្វែង ដើម្បីជំនួសមកវិញនូវដំណោះស្រាយបែប វ៉ាក់សាំង ដែលមានលក្ខណៈបង្ការ និងព្យាបាលផ្ដាច់។

ប្រសិនបើការសហការរវាងចិន និងរុស្ស៊ីលើវិស័យនេះជោគជ័យ វានឹងបើកផ្លូវឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងក្នុងតំបន់អាស៊ាន អាចទទួលបានបច្ចេកវិទ្យាព្យាបាលមហារីកក្នុងតម្លៃសមរម្យ ដែលកាលពីមុនគឺជា ឯកសិទ្ធិ របស់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភតែប៉ុណ្ណោះ។

តើវាដំណើរការយ៉ាងដូចម្ដេច? ខុសពីការចាក់ថ្នាំគីមី ដែលបំផ្លាញទាំងកោសិកាល្អ និងអាក្រក់ វ៉ាក់សាំងរបស់រុស្ស៊ីដំណើរការដោយការបង្វឹកប្រព័ន្ធការពារ។ វ៉ាក់សាំងនេះប្រើបច្ចេកវិទ្យា mRNA ដើម្បីបង្រៀនឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ស្គាល់ និងវាយប្រហារតែលើ កោសិកាមហារីក ដោយផ្ទាល់។ គ្រូពេទ្យនឹងយកសំណាកដុំសាច់របស់អ្នកជំងឺម្នាក់ៗមកវិភាគ រួចបង្កើតវ៉ាក់សាំងដែលត្រូវនឹងមហារីករបស់បុគ្គលនោះ។ ក្នុងការធ្វើតេស្តដំណាក់កាលទី ១ លើអ្នកស្ម័គ្រចិត្ត ៤៨ នាក់ វាបានបង្ហាញពីសមត្ថភាពពង្រួមដុំសាច់បានពី ៦០% ទៅ ៨០%។

តើវ៉ាក់សាំងនេះអាចប្រើបានចំពោះមហារីកគ្រប់ប្រភេទទេ? រុស្ស៊ីអះអាងថា បច្ចេកវិទ្យានេះអាចយកទៅប្រើបានជាមួយមហារីកស្ទើរគ្រប់ប្រភេទ ជាពិសេស មហារីកស្បែក (Melanoma), មហារីកពោះវៀនធំ (Colorectal) និងមហារីកសួត។

តើហេតុអ្វីបានជាគេនិយាយថាវាអាចបំផ្លាញឧស្សាហកម្មតម្លៃ ២.៦ ទ្រីលានដុល្លារ? ព្រោះក្រុមហ៊ុនឱសថធំៗនៅបស្ចិមប្រទេស រកចំណូលបានយ៉ាងមហាសាលពីការព្យាបាលមហារីកដែលមានរយៈពេលវែង និងថ្លៃខ្លាំង។ ប្រសិនបើវ៉ាក់សាំងនេះអាចព្យាបាលបានលឿន និងតម្លៃថោក វានឹងធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនទាំងនោះធ្លាក់ចុះយ៉ាងគំហុក៕