លើសពីកីឡា! លោក កាំង សេន រត់ជិត ៣០គីឡូម៉ែត្រពីស្ដាតមរតកតេជោ ទៅកីឡដ្ឋាន ISI ក្រោយចាញ់ព្រះខ័នរាជ ១-០
09-02-2026 09:57
(ភ្នំពេញ)៖ កីឡា តែងមានឈ្នះ-ចាញ់ ជារឿងធម្មតា តែមានសកម្មភាពជាច្រើន ដែលបានបង្កប់អត្ថន័យលើសពីកីឡា ជាក់ស្ដែងការរត់ចម្ងាយជិត ៣០គីឡូម៉ែត្រពីពហុកីឡដ្ឋានជាតិមរតកតេជោទៅកីឡដ្ឋាន ISI Park របស់លោក កាំង សេន ប្រធានក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យកាលពីយប់មិញ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីថ្នាក់ដឹកនាំក្លឹប និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ។
លោក កាំង សេន បានធ្វើតាមសន្យា ដែលលោកបានបង្ហោះលើបណ្ដាញសង្គម មុនជំនួបទល់ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ប្រសិនបើក្រុមលោកចាញ់ លោកនឹងរត់ពីពហុកីឡដ្ឋានជាតិមរតកតេជោ ទៅកាន់កីឡដ្ឋាន ISI Park នៅតំបន់វេងស្រេង។ ជាលទ្ធផលក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ISI ដង្កោសែនជ័យ ១-០ នៅចុងម៉ោងដែលធ្វើសម្រេចដោយកីឡាករ Odawara Takashi នៅនាទី៩០+៥។
លទ្ធផលនេះ ហាក់មិនសូវមានអ្វីប្លែកនោះទេ ដ្បិតអ្នកគាំទ្រ សុទ្ធតែបានដឹងពីកម្រិតរវាងក្រុមទាំងពីរ ពិសេសព្រះខ័នរាជស្វាយរៀង ដែលជាក្រុមខ្លាំងកំពុងស្ថិតនៅកំពូលតារាង គ្រាដែល ISI កំពុងឈរបាតតារាង។ តែយ៉ាងណាក្រុមជើងឯក ៤សម័យ ក៏មិនងាយស្រួលក្នុងការដណ្ដើម ៣ពិន្ទុដែរ ផ្ទុយកាលពីជើងទី១ ដែលព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមរហស្សនាមដំរីជ័យ ប្រចាំតំបន់វេងស្រេងនេះ រហូតដល់ ៦-១ ឯណោះ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីចប់ការប្រកួតខាងលើ លោក កាំង សេន ពិតជាធ្វើតាមសន្យា ដោយរត់កាត់ស្បៃរាត្រី ចេញពីពហុកីឡដ្ឋានជាតិមរតកតេជោ ឆ្ពោះទៅកីឡដ្ឋានវិសាខា និងកីឡដ្ឋានភ្នំពេញក្រោន ដោយមានការចូលរួមរត់ពីថ្នាក់ដឹកនាំក្លឹប កីឡាករ និងអ្នកគាំទ្រ ក្នុងនោះក៏មានវត្តមានប្រធានក្លិបបឹងកេតលោកស្រី ពុធ ធីតា ព្រមទាំងវត្តមានលោក ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀងផងដែរ មុនលោកបន្ដដំណើររហូតដល់កីឡដ្ឋាន ISI Park អំឡុងម៉ោង ១រំលងអធ្រាត្រ ដែលមានចម្ងាយប្រមាណជិត ៣០គីឡូម៉ែត្រ។
សកម្មភាពរបស់ប្រធានក្លឹប ISI និងជាអនុប្រធានក្រុមប្រឹក្សាភិបាល CPL ខាងលើ ត្រូវបានថ្នាក់ដឹកនាំបណ្ដាក្លឹបនៃលីគកំពូលកម្ពុជា និងអ្នកគាំទ្រកីឡាបាល់ទាត់ជាតិ បង្ហាញនូវការគោរព លើកទឹកចិត្ត និងតម្លៃឲ្យតម្លៃយ៉ាងជ្រាលជ្រៅ ក្រោមស្មារតីមិត្តភាព សាមគ្គីភាព។ នេះគឺជាគំរូមួយសម្រាប់ជំរុញ និងលើកទឹកចិត្តដល់ក្រុម ក៏ដូចជាយុវជនក្នុងការបន្ដខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅចង់បាន។ ជាមួយគ្នាអ្នកគាំទ្រក៏បានជូនពរលោក និងក្រុមឲ្យទទួលបានសមិទ្ធផលល្អ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខបន្ដទៀតផងដែរ៕










