ធនាគារ «ខេប៊ីប្រាសាក់» រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
09-02-2026 10:30
(ភ្នំពេញ)៖ ធនាគារខេប៊ីប្រាសាក់ ម.ក កាលពីពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នាយកភូមិភាគ នាយកសាខា និងបុគ្គលិកមកពីតាមបណ្តាខេត្ត។ សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការអនុវត្តការងារក្នុងឆ្នាំ២០២៥ និងកំណត់ផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងឧត្តមភាពប្រតិបត្តិការក្នុងឆ្នាំ២០២៦។
ក្នុងអំឡុងសិក្ខាសាលា សិក្ខាកាមបានសិក្សា និងពិភាក្សាស៊ីជម្រៅលើប្រធានបទសំខាន់ៗ ដែលចាំបាច់សម្រាប់ធានាស្ថិរភាព និងសុចរិតភាពរយៈពេលវែងរួមមាន ការគ្រប់គ្រងនៅកម្រិតសាខា ការគ្រប់គ្រងហានិភ័យ ក្រមប្រតិបត្តិធនាគារ ការអនុលោមតាមបទប្បញ្ញត្តិ និងកិច្ចការពារអតិថិជន។ ប្រធានបទទាំងនេះបានអំណោយផល ក្នុងការពង្រឹងក្របខ័ណ្ឌអភិបាលកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការផ្ដល់សេវាធនាគារ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។
សិក្ខាកាមក៏បានបញ្ជាក់ នូវការតាំងចិត្តរបស់ពួកគេចំពោះការគ្រប់គ្រង ប្រកបដោយក្រមសីលធម៌ និងប្តេជ្ញាចិត្តក្លាយជាអ្នកឈានមុខគេ លើកិច្ចការពារអតិថិជន តាមរយៈការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។
បន្ថែមលើសពីនេះ ធនាគារខេប៊ីប្រាសាក់ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីរក្សាបាននូវកំណើននៅឆ្នាំ២០២៦ ព្រមជាមួយនឹងចក្ខុវិស័យរួម ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ដោយផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែប្រសើរ និងចាត់ទុកអតិថិជន គឺជាអាទិភាពទី១៕









