ពាន World Cup 2026 ចាប់ផ្តើមដង្ហែទៅជុំវិញពិភពលោក ក្នុងចំណោម ៣០ទីតាំងសមាជិករបស់ FIFA

09-02-2026 11:15

(បរទេស)៖ ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រារព្វពិធីដង្ហែពានរង្វាន់ដើម World Cup Original Trophy ទៅកាន់ ៣០កន្លែងផ្សេងៗគ្នានៅជុំវិញពិភពលោក ដែលជាសមាជិករបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA។

នៅលើគេហទំព័រ FIFA ផ្ទាល់ក៏បានបញ្ជាក់ផងថា ពាន World Cup នេះបន្តដង្ហែទៅ ៣៨ទីក្រុងសំខាន់ៗ ក្នុងចំណោម ៣ប្រទេសម្ចាស់ផ្ទះរួមគ្នារវាងសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា មុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជំនាន់ទី២៣ ចាប់ផ្តើមសម្ពោធផ្លូវការពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ពានធំ World Cup នេះ ត្រូវបានអមដំណើរដោយលោក Alessandro Del Piero កីឡាករនិម្មិតរូបរបស់ FIFA និងជាអតីតវីរៈបុរសដែលបានរួមចំណែកជួយអ៉ីតាលីដណ្តើមបានជើងកាលឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់។

នៅចាំបានថា ពាន World Cup ក៏ធ្លាប់ត្រូវបានដង្ហែមកកាន់កម្ពុជាផងដែរកាលឆ្នាំ២០២២ ដោយបានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៀតផង មុនដង្ហែដល់ប្រទេសកាតា ជាទីតាំងម្ចាស់ផ្ទះ World Cup 2022 តែម្តង៕