ក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ និងក្រុមហ៊ុន JEMALUANG DAIRY VALLEY SDN.BHD ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សហការវិនិយោគកសិដ្ឋានគោទឹកដោះ និងរោងចក្រផលិតទឹកដោះគោស្រស់នៅកម្ពុជា
09-02-2026 11:19
(ភ្នំពេញ)៖ ក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ និងក្រុមហ៊ុន JEMALUANG DAIRY VALLEY SDN.BHD បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហការវិនិយោគ ក្នុងវិស័យបើកកសិដ្ឋានចិញ្ចឹមគោទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោស្រស់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ទៀង ផល្លា អគ្គនាយិកាក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ, អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ និងលោក QASEM ATHASAN ប្រធានក្រុមហ៊ុន JEMALUANG DAIRY VALLEY SDN.BHD ព្រមទាំងមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ចូលរួម នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសនោះ អ្នកឧកញ៉ា ទៀង ផល្លា បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន JEMALUANG DAIRY VALLEY របស់ប្រទេសម៉ាឡេស៊ី គឺជាកំណត់យត្រាថ្មីមួយ សម្រាប់ក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ នៅដើមឆ្នាំ២០២៦ ក្នុងការឈានចូលវិស័យអាជីវកម្មថ្មី ដែលផ្តោតលើការផលិតទឹកដោះគោស្រស់ ស្របតាមតម្រូវការទីផ្សារក្នុងប្រទេស។
អ្នកឧកញ៉ា បានបញ្ជាក់ថា កិច្ចសហការនេះ មិនមានគោលដៅត្រឹមតែប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែមានគោលបំណងធំក្នុងការបង្កើតការងារ ជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយផលិតផលក្នុងស្រុក។
ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានលើកឡើងថា បន្ទាប់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ បានធ្វើឲ្យប្រជាជនខ្មែរពហិការផលិតផលនាំចូលពីថៃ ខណៈផលិតផលក្នុងស្រុកនៅមិនទាន់អាចបំពេញតម្រូវការបានគ្រប់គ្រាន់ នេះបានក្លាយជាឱកាសសំខាន់សម្រាប់ការវិនិយោគ។
អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ បច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមគោសាច់ជាង ៣,០០០ ក្បាល នៅខេត្តកំពង់ឆ្នាំង ហើយកំពុងពង្រីកអាជីវកម្មមកវិស័យគោទឹកដោះ ដោយបោះទុនវិនិយោគប្រមាណ ១០ លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតទឹកដោះគោស្រស់ស្ដង់ដារខ្ពស់ក្នុងស្រុក។
ចំណែក លោក QASEM ATHASAN បានមានប្រសាសន៍ថា ក្រុមហ៊ុន JEMALUANG DAIRY VALLEY មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យគោទឹកដោះ ដោយចាប់ផ្តើមពីគោត្រឹមតែ ៤ ក្បាល រហូតដល់បច្ចុប្បន្នមានជាង ៥,០០០ ក្បាល និងមានប្រព័ន្ធបច្ចេកទេសចិញ្ចឹម ថែទាំ និងផលិតកម្មទឹកដោះគោ ស្របតាមស្ដង់ដារអន្តរជាតិ។
លោកបានបញ្ជាក់ថា ការបង្កើតរោងចក្រទឹកដោះគោ មិនអាចពឹងផ្អែកលើសត្វគោតែមួយមុខបានទេ ប៉ុន្តែត្រូវការជំនាញ បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដើម្បីធានាគុណភាពផលិតផល និងភាពចីរភាពអាជីវកម្ម។
លោក QASEM ATHASAN បានឱ្យដឹងថា ក្រុមហ៊ុន JEMALUANG DAIRY VALLEY ត្រូវបានរៀបចំ និងដំណើរការតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់បច្ចេកទេសទំនើប និងប្រព័ន្ធគ្រប់គ្រងមានគុណភាពខ្ពស់។ លោកបានបញ្ជាក់ថា ដូចដែលអ្នកឧកញ៉ា ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចកន្លងមក គឺអាចមើលឃើញយ៉ាងច្បាស់នូវខ្សែច្រវ៉ាក់ផលិតកម្ម ដែលផ្តោតជាចម្បងលើគុណភាព សុវត្ថិភាព និងអនាម័យ។
លោកបានបន្ថែមថា ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន JEMALUANG DAIRY VALLEY នឹងធ្វើការផ្ទេរជំនាញ និងសហការផ្នែកបច្ចេកទេសជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា ដើម្បីផលិតទឹកដោះគោស្រស់ ដែលធានានូវគុណភាពខ្ពស់ សម្រាប់បំពេញតម្រូវការរបស់ប្រជាជនកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ (DP MAJAS CHAMKAR CO., LTD) គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបង្កើតឡើងដោយកូនខ្មែរ មានអ្នកឧកញ៉ា ម៉ម វណ្ណឌី ជាប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ទៀង ផល្លា ជាអគ្គនាយិកា។
ចក្ខុវិស័យដ៏មុតស្រួចរបស់ក្រុមហ៊ុន គឺការបង្កើតរោងចក្រផលិតទឹកដោះគោនៅក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងរួមចំណែកលើកស្ទួយផលិតផលជាតិ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈ លោក ព្រាប គឹមឈុន មន្រ្តីបច្ចេកទេសនៃក្រុមហ៊ុនឌីភីម្ចាស់ចម្ការ Tel: 092 979 222៕











