កីឡាទោចក្រយាន សម្លឹងឃើញយុវជនមានសក្ដានុពលថ្មីៗ ក្រោយបញ្ចប់ការប្រកួតជើងឯកជាតិ

09-02-2026 12:53

(ភ្នំពេញ)៖ ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួត ៣ថ្ងៃ នាថ្ងៃទី០៦-០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈសហព័ន្ធបានសម្លឹងឃើញធនធានយុវជនថ្មីៗ ដែលមានសមត្ថភាព និងទេពកោសល្យល្អជាច្រើន ត្រៀមជ្រើសរើសប្រមូលផ្ដុំចូលរួមការប្រកួតអន្ដរជាតិនានា។

នេះបើតាមការបញ្ជាប់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្រោយបិទបញ្ចប់ការប្រកួតប្រចាំឆ្នាំជាស្ថាពរ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

លោកថា ទោះបីជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្ដូរពីការរៀបចំតាមខេត្ត មកប្រកួតនៅភ្នំពេញ ពោលគឺវិញ្ញាសាកង់ភ្នំ ប្រកួតនៅភ្នំបាសិត និងកង់គួក ប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ តែកីឡាករ-កីឡាការិនី បានសម្ដែងក្ដីរីករាយ ចំពោះការរៀបចំ គ្រាដែលស្ថានភាពផ្លូវប្រណាំង ក៏ល្អ មិនងាយស្រួលពេក និងមិនពិបាកពេក ដែលជំរុញឲ្យការប្រកួតមានភាពស្វិតស្វាញ។

តាមរយៈនេះ លោកសង្កេតឃើញកីឡាករ-កីឡាការិនី មានការអភិវឌ្ឍសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយការធ្វើបាននូវថិរវេលាថ្មី ដោយបានបំបែកសិទ្ធផលចាស់ៗរៀងខ្លួន ពិសេសក្នុងវិញ្ញាសាក្រុមយុវជន គឺមានកីឡាករថ្មីៗប្លែកៗ កើនសមត្ថភាពគួរឲ្យកត់សម្គាល់ ដែលជាក្ដីសង្ឃឹមសម្រាប់ធនធានបន្ដវេនក្នុងការជ្រើសរើសប្រមូលផ្ដុំត្រៀមការប្រកួតអន្ដរជាតិនានា។

ពាក់ព័ន្ធនឹងកៅអីជម្រើសជាតិ សម្រាប់អ្នកទទួលបានជយាលភីថ្នាក់ជាតិឆ្នាំនេះ លោក នូ ចំរើន បញ្ជាក់ថា «យើងនឹងមើលទៅលើសិទ្ធិផលរបស់ពួកគាត់ ដោយសហព័ន្ធមានគណៈកម្មការវាយតម្លៃមុនហ្នឹងយើងជ្រើសរើស សម្រេច និងបញ្ជូនទៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ យើងធ្វើការជាមួយក្លិបសាមីនីមួយៗ ដែលទទួលបានជយលាភី ធ្វើកិច្ចសហការ និងជម្រាបពួកគាត់អំពីគោលការណ៍របស់ក្រសួង និងសហព័ន្ធ ហើយយើងអាចនឹងរើសបានកីឡាករថ្មីៗ ព្រោះយើងឃើញថា ក្នុងក្រុមយុវជន គឺមានកីឡាករថ្មីៗប្លែកៗ កើនសមត្ថភាពច្រើន។ នេះគឺជាចក្ខុវិស័យសម្រាប់សហព័ន្ធក្នុងការជ្រើសរើសត្រៀមការប្រកួតប្រមូលត្រៀមស៊ីហ្គេម នៅម៉ាឡេស៊ី និងកីឡាអាស៊ី នៅជប៉ុនផងដែរ»។

សូមបញ្ជាក់ថា ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិឆ្នាំនេះ មានមន្ដ្រីបច្ចេកទេស ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណ ២២០នាក់ចូលរួម និងប្រកួតលើ ៧វិញ្ញាសា។ ជាលទ្ធផល សម្រាប់ការប្រកួតកង់ភ្នំបុរស Men Elite MTB លេខ១ កីឡាករ សាំង សីហា។ កង់ភ្នំបុរស Men Junior MTB លេខ១ កីឡាករ សាត រីដេវីត ។ កង់ភ្នំនារី Women MTB លេខ១ កីឡាការិនី ខេន ម៉ាឡៃ និងវិញ្ញាសាកង់ភ្នំបុរស Master MTB លេខ១ កីឡាករ Pierre Catry។ ចំណែកការប្រកួតកង់គួកវិញ សម្រាប់វិញ្ញាសា Men Elite Road Criterium លេខ១ កីឡាករ សុខ ប៊ុនហុក, វិញ្ញាសា Men Junior Road Criterium លេខ១ កីឡាករ ង៉ោ ជាស៊ុង និងវិញ្ញាសា Men Master Road Criterium លេខ១ កីឡាករ ឆុន ភារម្យ៕