ស្ថាបនិកក្លិប Mate JR មានក្ដីស្រម៉ៃខ្ពស់ ដើម្បីជួយលើកកម្ពស់បាល់ទាត់កម្ពុជា

09-02-2026 14:46

(ភ្នំពេញ)៖ យុវជន ម៉ាក សុទ្ធាពិសិដ្ឋ ស្ថាបនិក និងជានាយកប្រតិបត្តិក្លិបបាល់ទាត់ Mate JR Sport Club បានបង្ហាញក្ដីស្រម៉ៃខ្ពស់ ជាមួយអាជីពបាល់ទាត់ ដោយរូបគេបានប្ដេជ្ញាដុសខាត់សមត្ថភាព ដើម្បីក្លាយជាកីឡាករអាជីព និងផ្ដល់នូវភាពជាគំរូដល់កីឡាករវ័យក្មេងក្នុងក្លិប ក៏ដូចជាការស្វែងរកិច្ចសហកាជាមួយបណ្ដាក្លិប ទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយលើកកម្ពស់វិស័យបាល់ទាត់កម្ពុជាទៀតផង។

ការតាំងចិត្តនេះ បន្ទាប់ពីស្ថាបនិកក្លិបវ័យក្មេងរូបនេះ បានចុះហត្ថលេខាចាប់ដៃគូសហការជាមួយធនាគារស៊ីអាអិមប៊ី រយៈពេល ១ឆ្នាំ នៅទីលានបាល់ទាត់ Platinum Sports Center កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពង្រីកកាន់តែធំក្នុងការបណ្ដុះបណ្ដាលក្មេងៗឲ្យក្លាយជាយុវជនថ្នាល ប្រកបដោយសក្ដានុពល និងវិវឌ្ឍន៍ខ្លួន ក្លាយទៅជាកីឡាករអាជីព ដែលអាចលេងនៅលីគ ទាំងក្នុង និងក្រៅស្រុកនាថ្ងៃអនាគត។

ផ្ដើមពីក្ដីស្រលាញ់ និងបានហ្វឹកហាត់បាល់ទាត់តាំងពីក្មេង រហូតបង្កើតក្លិប Mate JR បច្ចុប្បន្ន យុវជន ម៉ាក សុទ្ធាពិសិដ្ឋ កំពុងប្រកបអាជីពជាមួយក្រុមយុវជនថ្នាលវិសាខា ដែលទើបជួយក្រុមគ្រងជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ មុនបិទរដូវកាល កាលពីថ្មីៗ។ ពិសិដ្ឋ បានសម្ដែងក្ដីរីករាយ ដែលបានទទួលការគាំទ្រពីដៃគូឯកជនខាងលើ ដែលធ្វើឲ្យរូបគេ មានក្ដីរំពឹងថា ក្នុងការដឹកនាំក្លិបកាន់តែរីកធំធាត់ថែមទៀត។

យុវជនវ័យ ១៦ឆ្នាំដដែល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថា «ខ្ញុំប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍជំនាញបាល់ទាត់របស់ខ្ញុំ និងក្លាយជាកីឡាករអាជីព ដែលនឹងក្លាយជាគំរូដ៏ល្អ សម្រាប់កីឡាករវ័យក្មេងទាំងអស់នៅក្នុងក្លិប Mate Jr ហើយខ្ញុំនឹងបន្តស្វែងរកភាពជាដៃគូជាមួយក្លិបដទៃទៀត នៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ដែលនឹងជួយលើកកម្ពស់វិស័យបាល់ទាត់កម្ពុជា ក៏ដូចជាលើកកម្ពស់ទេសចរណ៍កីឡាឲ្យកាន់តែរីកចម្រើនផងដែរ»

ជាមួយគ្នា លោកស្រី ហែម វ៉ាន់ណៃ ដែលមានកូនប្រុស ៣នាក់កំពុងហ្វឹកហាត់នៅក្នុងក្លិប Mate JR បានសម្ដែងក្ដីរីករាយ បន្ទាប់ពីក្លិបទទួលបានការគាំទ្រពីវិស័យឯកជន ដើម្បីធានានិរន្ដរភាព និងការរីកចម្រើនទៅមុខទៀត ដ្បិតបច្ចប្បន្នក្លិបបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលក្មេងៗឲ្យស្រលាញ់ និងចូលចិត្តកីឡា ហើយចៀសឆ្ងាយពីសកម្មភាពមិនល្អនានា ដូចជាការយកពេលទំនេរពីការសិក្សាលេងទូរសទ្ទដៃជាដើម។

លោកស្រីបន្ដថា «ដំបូងឡើយខ្ញុំដាក់កូនប្រុសម្នាក់ទេឲ្យហាត់ ហើយឃើញថា គាត់រីកចម្រើនទៅលើជំនាញលេងបាល់ ហើយបានទាំងសុខភាព និងបង្កើតទំនាក់ទំនងល្អជាមួយក្មេងៗផង ខ្ញុំក៏សម្រេចចិត្តដាក់កូនប្រុស ២នាក់ទៀត ព្រោះខ្ញុំឃើញម្ចាស់ក្លិប គាត់មានគ្រូៗល្អច្រើន មានសកម្មភាពប្រកួតច្រើន មានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឲ្យក្មេងៗមានភាពរីករាយ ហើយថ្ងៃមុខ បើកូនខ្ញុំ ចង់ក្លាយជាកីឡាករអាជីព ខ្ញុំក៏នឹងសម្របតាមចំណូលចិត្តពួកគេដែរ»

គួរដឹងថា ក្លិបបាល់ទាត់ Mate JR Sport Club ក្រៅពីបណ្តុះបណ្តាលយុវជនថ្នាល ដែលមានគ្រូបង្វឹកខ្មែរ និងបរទេសពោរពេញដោយបទពិសោធន៍ ក្លិបក៏តែងចូលរួមប្រកួតប្រជែងពានរង្វាន់នានា ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់កីឡាករវ័យក្មេង ដែលមានសមត្ថភាព ទេពកោសល្យ និងចង់ក្លាយជាកីឡាករអាជីព ចូលរួមជាមួយបណ្ដាក្លិបធំៗនៅកម្ពុជា ដូចជាក្លិបវិសាខា ព្រះខ័នរាជស្វាយរៀង និងកងយោយធពលខេមរភូមិន្ទជាដើម៕