កក្រើកទីផ្សារហុងកុង! ក្រុមហ៊ុនឈីបចិន Montage Technology បង្ហាញខ្លួនថ្ងៃដំបូង ហក់ឡើងថ្លៃដល់ ៦០%

09-02-2026 14:53

(បរទេស)៖​ ក្រុមហ៊ុនរចនាបន្ទះឈីបខ្នាតយក្សរបស់ចិន Montage Technology បានបង្កើតព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយក្នុងពិភពហិរញ្ញវត្ថុ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនបានហក់ឡើងដល់ ៦០% ភ្លាមៗក្នុងថ្ងៃបើកលក់ដំបូងនៅទីផ្សារភាគហ៊ុនហុងកុងនៅថ្ងៃច័ន្ទ។ ការហក់ឡើងយ៉ាងគំហុគនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យក្នុងការកៀរគរទុនរហូតដល់ ៩០២ លានដុល្លារ ដែលបង្ហាញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគមកលើបច្ចេកវិទ្យាចិន។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦។

តម្រូវការភាគហ៊ុនរបស់ក្រុមហ៊ុននេះមានភាពខ្លាំងក្លាគួរឱ្យកត់សម្គាល់ ដោយមានអ្នកចុះឈ្មោះទិញលើសចំនួនកំណត់រហូតដល់ទៅ ៧០០ ដង សម្រាប់ផ្នែកលក់ជាសាធារណៈ។ យោងតាមប្រភពព័ត៌មាន CNBC សន្ទុះដ៏អស្ចារ្យនេះគឺជាសញ្ញាបញ្ជាក់ថា៖ «អ្នកវិនិយោគនៅតែមានចំណង់ខ្លាំងលើវិស័យផលិតបន្ទះឈីប (Semiconductor) របស់ចិន ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងឧបសគ្គផ្នែកបច្ចេកវិទ្យាយ៉ាងណាក៏ដោយ»។

គួរជម្រាបថា បច្ចុប្បន្ន Montage Technology ដែលមានតម្លៃខ្លួនក្នុងទីផ្សារប្រមាណ ២៧ ពាន់លានដុល្លារ បានក្លាយជាសមាជិកថ្មីចុងក្រោយគេក្នុងចំណោមក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) របស់ចិន ដែលទទួលបានជោគជ័យក្នុងការបោះជំហានចូលទីផ្សារមូលបត្រអន្តរជាតិ។ មុនការលេចមុខរបស់ក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនពីរទៀតគឺ GigaDevice និង OmniVision ដែលបានបង្ហាញខ្លួនយ៉ាងជោគជ័យកាលពីខែមករាកន្លងទៅផងដែរ៕