ធនាគារ ហត្ថា ទទួលបានវិញ្ញាបនបត្រកម្រិតអនុលោមភាពសារពើពន្ធប្រភេទ «មាស»ពីអគ្គនាយកដ្ឋានពន្ធដារ
09-02-2026 20:06
(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ទទួលបានវិញ្ញាបនបត្រកម្រិតអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២៦ និង២០២៧។
ការទទួលស្គាល់នេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអនុលោមពន្ធភាពសារពើរពន្ធ តម្លាភាព និងការទូទាត់បង់ពន្ធតាមកាលកំណត់។
វិញ្ញាបនបត្រនេះបញ្ជាក់ពីការអនុវត្តត្រឹមត្រូវ និងតម្លាភាពខ្ពស់របស់ធនាគារ ហត្ថា ក្នុងការគោរពច្បាប់ពន្ធ និងការគ្រប់គ្រងគណនេយ្យប្រកបដោយស្តង់ដារ។ ជាមួយនឹងកម្រិតប្រភេទ «មាស» នេះ ក៏បញ្ជាក់ពីការទទួលស្គាល់ផ្លូវការចំពោះការកាន់កាប់កំណត់ត្រាគណនេយ្យបានយ៉ាងល្អផងដែរ ។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា «ការទទួលបានវិញ្ញាបនបត្រកម្រិតអនុលោមភាពសារពើពន្ធប្រភេទ“មាស” គឺជាការបញ្ជាក់នៃការខិតខំប្រឹងប្រែងក្នុងការប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិស្តីពីពន្ធដារ សម្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការគោរពបទប្បញ្ញត្តិ ស្តង់ដារគណនេយ្យ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពទំនួលខុសត្រូវ ដែលកំណត់ដោយរាជរដ្ឋាភិបាល។
លោកបានបន្ថែមទៀតថា «ពានរង្វាន់នេះគឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ និងភាពទុកចិត្តទៅកាន់ ម្ចាស់ភាគហ៊ុន អតិថិជន តាមរយៈការបង្ហាញពីសុចរិតភាពរបស់ក្រុមការងារទាំងមូលក្នុងការធានាបាននូវតម្លាភាព និងការបំពេញកាតព្វកិច្ចបង់ពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តបន្ទាប់»។
វិញ្ញាបនបត្រនេះបញ្ជាក់ពីការប្តេជ្ញារបស់ធនាគារ ហត្ថា ក្នុងការប្រកបអាជីវកម្មដោយគោរពតាមក្រមសីលធម៌ និងការបំពេញតួនាទីរបស់ខ្លួនជាស្ថាប័នហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តពីអតិថិជន និងវិនិយោគគិនទាំងអស់៕




