យល់ដឹងកីឡា៖ ភាពខុសប្លែកគ្នាបន្តិចបន្ទួច រវាងការទាត់បាល់ពិន័យប៉េណាល់ទី និងប៉េណាល់ទីកាត់សេចក្តី

10-02-2026 08:06

(បរទេស)៖ នៅក្នុងកីឡាបាល់ទាត់ មានប៉េណាល់ទី ២បែប ពោលគឺក្នុងម៉ោងប្រកួតធម្មតា និងប៉េណាល់ទីកាត់សេចក្តីរកឈ្នះ-ចាញ់ ក្រោយបញ្ចប់ម៉ោងធម្មតា និងម៉ោងថែម ១៥នាទីរួចមក។

បើយោងតាមការចេញផ្សាយដោយគេហទំព័រ The FA បានឱ្យដឹងថា ប៉េណាល់ទី គឺស្ថិតក្នុងច្បាប់ ត្រង់មាត្រា១៤ របស់ស្ថាប័ន IFAB គណៈកម្មាធិការវិន័យរបស់ FIFA។ ចំពោះប៉េណាល់ទីបែងចែកជា ២បែបមានដូចខាងក្រោម។

១៖ ការពិន័យប៉េណាល់ទី (penalty kick)

ការពិន័យប៉េណាល់ទី កើតឡើងនៅពេលខ្សែការពារ ឬក៏កីឡាករចាំទី បង្កកំហុសនៅក្នុងប្រអប់ប៉េណាល់ទី (penalty box) ក្នុងម៉ោងធម្មតា ៩០នាទី ឬម៉ោងថែម ១៥នាទី ២ដង។ ការទាត់ប៉េណាល់ទី គឺស្ថិតក្នុងរយៈចម្ងាយ ៩.៥-១១ម៉ែត្រ (តាមតារាងតូច-ធំ) ហើយអ្នកទាត់ និងមិត្តរួមក្រុមអាចថែមបាន ប្រសិនបើបាល់ឡងមកវិញ (rebound ball) ហើយចំណែកអ្នកចាំទី ត្រូវស្ថិតលើខ្សែបន្ទាត់ មិនចំពោះជើងណាមួយ ឬទាំង២ ក៏បាន។

២៖ ប៉េណាល់ទីកាត់សេចក្តី (penalty shootout)

ប៉េណាល់ទីកាត់សេចក្តី កើតឡើងនៅក្រោយពេលបញ្ចប់ការប្រកួតពេញម៉ោង ឬម៉ោងថែម ១៥នាទី ដើម្បីរកក្រុមឈ្នះឡើងទៅវគ្គបន្ត។ ជាទូទៅ penalty shootout ច្រើនតែត្រូវបានប្រើនៅវគ្គចាញ់-ធ្លាក់ ក្រោយពេលបញ្ចប់វគ្គសន្សំពិន្ទុតាមពូលរួចមក។

ការទាត់ប៉េណាល់ទីនេះទៀតសោត គឺ ១ក្រុមទាត់ ៥នាក់ (៥ជើង) ដោយក្នុងកីឡាករ ១នាក់ទាត់បានតែ ១លើក និងតែម្តងគត់។ ប្រសិនបើស្មើគ្នាទៀត និងថែម ១គ្រាប់បន្តបន្ទាប់ រហូតដល់រកឃើញក្រុមឈ្នះតែម្តង។ បើក្នុងករណីឃើញថា ក្រុម A មានគ្រាប់បាល់នាំមុខដាច់ទៅហើយ នោះភាគីក្រុម B មិនត្រូវបានអនុញ្ញាតឱ្យបន្តទាត់ទៀតឡើយ បើទោះបីជានៅដល់កីឡាករក្នុងចំណោម ៥នាក់ មិនទាន់បានទាត់ក៏ដោយ៕