សិង្ហបុរី បង្ហើបថា ក្រុមចារកម្មអ៊ីនធឺណិតចាប់គោលដៅបណ្ដាញទូរគមនាគមន៍ ដើម្បីវាយប្រហារ
10-02-2026 08:55
(បរទេស)៖ អាជ្ញាធរសន្តិសុខអ៊ីនធឺណិតរបស់សិង្ហបុរី បានបញ្ជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍ធំៗទាំង ៤ នៅសិង្ហបុរី រួមមាន Singtel, StarHub, M1 និង Simba Telecom ត្រូវបានក្រុមចារកម្មតាមអ៊ីនធឺណិតមួយឈ្មោះ «UNC3886» វាយប្រហារ កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦។
អាជ្ញាធរបាននិយាយថា ពួក Hacker អាចចូលដល់ផ្នែកខ្លះនៃប្រព័ន្ធបណ្ដាញទូរគមនាគមន៍ ប៉ុន្តែ មិនអាចរំខានសេវាកម្មទូរស័ព្ទ ឬអ៊ីនធឺណិតបានទេ ហើយ មិនមានទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនណាត្រូវបានលួចយកឡើយ។ ទោះយ៉ាងណា ពួកគេអាចយកបាន ទិន្នន័យបច្ចេកទេសបន្តិចបន្តួច ដែលភាគច្រើនពាក់ព័ន្ធនឹងបណ្ដាញ (network data) ដើម្បីជួយគម្រោងប្រតិបត្តិការរបស់ពួកគេបន្តទៀត។
ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Mandiant (ជាកម្មសិទ្ធិរបស់ Google) បានពិពណ៌នាក្រុម UNC3886 ថាជាក្រុមចារកម្មដែលមានទំនាក់ទំនងជាមួយចិន ហើយកន្លងមកធ្លាប់វាយប្រហារអង្គភាពផ្នែកការពារជាតិ បច្ចេកវិទ្យា និងទូរគមនាគមន៍ នៅសហរដ្ឋអាមេរិក និងតំបន់អាស៊ី។ ភាគីចិនជាធម្មតាបដិសេធការចោទប្រកាន់ទាំងនេះ ហើយនិយាយថា ចិនប្រឆាំងការវាយប្រហារតាមអ៊ីនធឺណិតគ្រប់ប្រភេទ ហើយខ្លួនឯងក៏ជាជនរងគ្រោះផងដែរ។ ស្ថានទូតចិនប្រចាំសិង្ហបុរី មិនទាន់ឆ្លើយតបទៅសំណួរព័ត៌មាននៅឡើយទេ។
យោងតាមសេចក្ដីប្រកាសនៅថ្ងៃចន្ទនេះ ជាលើកដំបូងដែលរដ្ឋាភិបាលសិង្ហបុរី បង្ហាញច្បាស់ថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ គឺជាគោលដៅរបស់ក្រុម UNC3886។ កាលពីខែកក្កដា រដ្ឋាភិបាលបាននិយាយតែថា កំពុងឆ្លើយតបទៅនឹងការវាយប្រហារលើ «ទ្រព្យសម្បត្តិសំខាន់ៗមានតម្លៃខ្ពស់» ប៉ុណ្ណោះ៕









