IOC ហាមឃាត់មួកសុវត្ថិភាព ដែលមានរូបភាពជនរងគ្រោះ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅអូឡាំពិករដូវរងា
10-02-2026 09:57
(បរទេស)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានធ្វើការហាមប្រាម ចំពោះការពាក់មួកសុវត្ថិភាព ដែលមានរំលេចរូបភាពជនរងគ្រោះ ដោយសារសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅអំឡុងប្រកួតកីឡាអូឡាំពិក រដូវរងា Winter Olympic 2026 ដែលកំពុងរៀបចំនៅប្រទេសអ៉ីតាលី។
កីឡាករ Vladyslav Heraskevych ប្រកួតកីឡាស្គីទឹកកករបស់អ៊ុយក្រែនបាននិយាយ តាមរយៈការដកស្រង់ចេញផ្សាយដោយ BBC ថា ស្ថាប័ន IOC បានហាមឃាត់រូបលោក ចំពោះការប្រើប្រាស់មួយសុវត្ថិភាពដែលមានរូបជនរងគ្រោះ ដោយបានបាត់បង់ជីវិតនៅសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក្នុងការប្រកួតដែលលោកបានហៅការសម្រេចនេះថា «វាពិតជាធ្វើឱ្យលោកគ្រាំគ្រាបេះដូងខ្លាំងណាស់»។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបានពាក់មួយសុវត្ថិភាពដែលមានរូបជនរងគ្រោះដោយសារសង្គ្រាម នៅអំឡុងការហ្វឹកហាត់របស់ខ្លួននៅឯទីក្រុង Cortina ថែមទាំងបានសន្យាមុនការប្រកួតមកដល់ថា នឹងបន្តពាក់មួកនេះទៀតនៅក្នុងការប្រកួតផ្លូវការ ក្នុងន័យទាញចំណាប់អារម្មណ៍ពិភពលោក ចំពោះសង្រ្គាមដែលបានអូសបន្លាយជិត ៤ឆ្នាំមកនេះ។
ទោះជាយ៉ាងណា គិតមកទល់ពេលនេះ IOC នៅមិនទាន់ចេញប្រកាសជាផ្លូវការ អំពីការហាមឃាត់នេះនៅឡើយទេ។
ក៏ប៉ុន្តែ Heraskevich បានសរសេរបង្ហោះនៅបណ្តាញសង្គមផ្ទាល់ខ្លួនថា «IOC បានធ្វើការហាមឃាត់រូបខ្ញុំ ពីការប្រើប្រាស់មួកសុវត្ថិភាពមានរូបជនរងគ្រោះនៅឯការហ្វឹកហាត់ និងប្រកួតផ្លូវការតែម្តងនៅ Winter Olympic Games 2026»។
លោក Heraskevich បានបន្តថា លោកនៅតែគោរពជានិច្ច ចំពោះបញ្ញតិ្តរបស់ IOC ដែលប្រឆាំងដាច់ខាតចំពោះបញ្ហា នយោបាយលាឡំនឹងកីឡា។
គិតចាប់តាំងពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែននាអំឡុងចុងខែកុម្ភៈ ឆ្នាំ២០២២ មក អត្តពលិករុស្ស៊ី រួមទាំងប៊ែលឡារុស ត្រូវជាប់បម្រាមពីការចូលរួមប្រកួតកម្មវិធីអន្តរជាតិនានាដែរ ហើយ IOC ក៏បានអនុញ្ញាតដល់អត្តពលិកមកពីរុស្ស៊ីមានត្រឹមតែ ១៣នាក់ប៉ុណ្ណោះចូលរួម Winter Olympic លើកនេះ ដែលប្រកួតក្នុងនាមអព្យាក្រឹត្យ មិនតំណាងឱ្យប្រទេសរបស់ពួកគេឡើយ៕



