កូរ៉េខាងត្បូងចង់រឹតបន្តឹងច្បាប់ខ្លាំង ក្រោយក្រុមហ៊ុន Bithumb ច្រឡំចែកកាក់មានតម្លៃ ៤០ពាន់លានដុល្លារដល់អតិថិជន
10-02-2026 10:04
(បរទេស)៖ ស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុកូរ៉េខាងត្បូង បានប្រកាសពីការរៀបចំច្បាប់គ្រីបតូឱ្យកាន់តែតឹងរ៉ឹងបំផុត ក្រោយពីក្រុមហ៊ុនជួញដូរលុយឌីជីថលយក្ស Bithumb បានបង្កកំហុសបច្ចេកទេសមិនគួរឱ្យជឿមួយ ដោយច្រឡំផ្ញើកាក់ Bitcoin តម្លៃសរុបជាង ៤០ ពាន់លានដុល្លារ ឱ្យទៅអតិថិជនជាកាដូរង្វាន់។ កំហុសនេះបានធ្វើឱ្យមានការសម្រុកលក់ចេញយ៉ាងខ្លាំង ដែលបង្កជាភាពវឹកវរក្នុងទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ជុំវិញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះ លោក Lee Chan-jin អភិបាលនៃសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) បានបញ្ជាក់ថា នេះគឺជាមេរៀនដ៏ធំដែលបង្ហាញពីចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាព។ លោកបានសង្កត់ធ្ងន់ថា៖ «ករណីនេះបង្ហាញឱ្យឃើញនូវបញ្ហារចនាសម្ព័ន្ធនៃប្រព័ន្ធព័ត៌មានសម្រាប់ទ្រព្យសម្បត្តិឌីជីថល។ យើងកំពុងពិនិត្យមើលរឿងនេះយ៉ាងហ្មត់ចត់បំផុត ព្រោះវាជាបញ្ហាសុវត្ថិភាពដែលគួរឱ្យបារម្ភ»។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះគឺ បញ្ហា «កាក់ខ្មោច» (Ghost Coins) ដែលមានន័យថា ក្រុមហ៊ុនបានច្រឡំចែកកាក់ច្រើនជាងចំនួនដែលខ្លួនមានពិតប្រាកដនៅក្នុងដៃ។ លោក Lee បានលើកឡើងថា ប្រសិនបើចង់ឱ្យគ្រីបតូក្លាយជាទ្រព្យសម្បត្តិស្របច្បាប់ដូចមាស ឬលុយសុទ្ធ បញ្ហា «កាក់ខ្មោច» នេះត្រូវតែដោះស្រាយឱ្យខានតែបាន។ លោកបន្ថែមថា៖ «បញ្ហានៃ "កាក់ខ្មោច" ត្រូវតែដោះស្រាយជាមុនសិន មុននឹងយើងអាចទទួលស្គាល់គ្រីបតូជាទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្លូវការ»។
ទោះជាយ៉ាងណា គិតមកទល់ពេលនេះ ក្រុមហ៊ុនប្រមូលកាក់បានមកវិញជិតអស់ហើយ ប៉ុន្តែអាជ្ញាធរបានផ្ញើសារព្រមានថា អ្នកដែលបានលក់កាក់ដែលទទួលបានដោយអចេតនានោះ គឺមានកាតព្វកិច្ច «ត្រូវតែសងត្រឡប់» ទៅក្រុមហ៊ុនវិញជាដាច់ខាត បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខតាមច្បាប់។ ចំពោះគម្រោងអនុញ្ញាតឱ្យមានការទិញលក់ Bitcoin ETF វិញ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តផ្អាកសិន ដើម្បីរង់ចាំមើលភាពច្បាស់លាស់នៃប្រព័ន្ធសុវត្ថិភាព៕











