សហគ្រិនខ្មែរ និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា សហការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»
10-02-2026 10:30
(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិន និងអ្នកប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា សហគ្រិនខ្មែរ, ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា, និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចកវិទ្យា និងនវានុវត្តន៍ បានសហការរៀបចំបើកវគ្គបណ្តុះ បណ្តាលគ្រូបង្គោលស្ដីពី «កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ទៅដល់អ្នកចូលរួម ប្រមាណ ៦០នាក់។
កម្មវិធីវគ្គបណ្តុះបណ្តាល មានគោលបំណងផ្ដល់នូវចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការត្រៀមលក្ខណៈចំពោះ ហានិភ័យឬស្ថានភាពសេដ្ឋកិច្ចដែលភាពមិនប្រាកដប្រជា និងការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងទៅដល់គ្រូ បង្គោល។ សម្រាប់កម្មវិធីវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ នឹងធានាថាចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏មានសារៈសំខាន់ នឹងត្រូវបានបន្តពង្រីកវិសាលភាពទៅដល់សហគ្រិន និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បានបន្តបេសកកម្មជួយដល់អាជីវកម្មឱ្យរីកចម្រើន តាមរយៈការលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ ដែលជាជំហានដ៏មានសារះសំខាន់មួយសម្រាប់ដំណើរការផ្លាស់ប្តូរខ្លួនពីអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅជាសហគ្រាសធុនតូច និងមធ្យម។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិន និងអ្នក ប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានចំណេះដឹងដែលអាចបង្កើនលទ្ធភាពចាប់បានឱកាសកាន់តែខ្ពស់ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងការគាំទ្រផ្សេងៗ»។
តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្គោល បានបែងចែកជាបីផ្នែកធំៗដូចជា៖ ការធ្វើបទបង្ហាញស្តីពីសារៈសំខាន់នៃ កម្មវិធីទាំងមូល និងទិសដៅយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា, ការបណ្តុះបណ្តាលទៅលើការរៀប ចំអនាគតដែលមានសុវត្ថិភាព ភាពធន់ហិរញ្ញវត្ថុ និងរបាំងការពារអាជីវកម្ម, និងមានការអនុវត្តជាក់ស្តែងកំលុង ពេលបណ្តុះបណ្តាល ដើម្បីធានាថាអ្នកចូលរួមនឹងទទួលបានចំណេះដឹងសមត្ថភាពគ្រប់គ្រងហានិភ័យ និងរៀបចំ ផែនការផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
លោក ម៉ាត់ សារី អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមាន ប្រសាសន៍ថា៖ «ជាក់ស្តែងសម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ ដល់អ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលទទួលបានពីការចូលរួមរបស់វិស័យឯកជន ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ រវាងគណៈ កម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន មេនូឡាយហ្វ៍ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងមក ដើម្បីផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង និងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
ជាមតិយោបល់ចំពោះភាពជាដៃគូនេះ លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមាន ប្រសាសន៍ថា៖ «វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្ងៃនេះ ធ្វើឡើងក្រោមគោលដៅដ៏ ច្បាស់លាស់ និងស្មារតីរួមគ្នា គឺគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និង គាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាម រយៈកម្មវិធី លើកកម្ពស់ភាព រឹងមាំផ្នែកហិរញ្ញវត្ថុ និងការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុមពី មេនូឡាយហ្វ៍។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាដង្ហើម និងជាសរសៃឈាម ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នេះជា ទឹកចិត្ត និងការវិនិយោគដ៏ធំមួយ ទៀតពី មេនូឡាយហ្វ៍ ក្នុងការផ្ដល់ក្តីសង្ឃឹម និងការផ្ដល់នូវផែនទីហិរញ្ញវត្ថុ សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
នៅពេលនោះផងដែរ សហគ្រិនខ្មែរ និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានចុះហត្ថលេខាជាផ្លូវការលើភាពជា ដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងការគាំទ្រដល់សហគ្រិន និងអ្នកប្រកបរបរកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានចំណេះ ដឹងទៅលើភាពធន់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព និងបរិយាបន្នទូទាំងប្រទេស។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅសហគ្រិនខ្មែរ ដែលមានការចូលរួម ពីបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និង លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។
ភាពជាដៃគូនេះបាននាំមកនូវកិច្ចសហការរវាង សហគ្រិនខ្មែរ និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីលើក កម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងមានចីរភាព ជាពិសេសសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្ត ធ្វើការរួមគ្នាបន្ថែមជាមួយវិស័យឯកជន៕











