ក្រសួងការពារជាតិ បន្ដភាពខ្លាំងក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

10-02-2026 10:41

(ភ្នំពេញ)៖ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃនាចុងសប្ដាហ៍កន្លងទៅ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ បានរក្សាភាពខ្លាំង ដោយបន្ដឈរចំណាត់ថ្នាក់លេខ១ ក្រោយដណ្ដើមបានមេដាយមាសច្រើនជាងគេ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិកាឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ មានសមាគម/ក្លិប និងសាលាគុនចូលរួមសរុបចំនួន២៧ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ព្រមទាំងមន្ដ្រីបច្ចេកទេសរុប ៤៦៣នាក់។ ឆ្នាំនេះដែរសហព័ន្ធបានកំណត់វិញ្ញាសាប្រកួតចំនួន៦៦ លើប្រភេទវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដែលមានថ្នាលយុវជនចូលរួមចាប់ពីអាយុ ៨ឆ្នាំឡើង។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ៣ថ្ងៃ គឺក្រសួងការពារជាតិ ឈរកំពូលតារាងមេដាយដូចកាលពីឆ្នាំមុនដែរ ដោយដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស១៦ ប្រាក់ ៦ និងសំរឹទ្ធ៣) គ្រាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ដឈរលេខ២ ឈ្នះមេដាយសរុប ៣៤គ្រឿង (មាស ១០ ប្រាក់ ៧ និងសំរឹទ្ធ ១៧) និងក្លិបការ៉ាតេហនុមាន បន្ដឈរលេខ៣ ឈ្នះមេដាយសរុប ៣១គ្រឿង (មាស ៧ ប្រាក់ ៩ និងសំរឹទ្ធ ១៥ ហើយក៏មានក្លិបជាច្រើនទៀត បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធផងដែរ។

ថ្លែងក្នុងពិធីបិទការប្រកួត លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃគោលការណ៍រួមទាំង៥ សម្រាប់កំណត់ទិសដៅអនាគតនៃការអភិវឌ្ឍការ៉ាតេនៅកម្ពុជា ដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់ ការឯកភាព សាមគ្គីភាពផ្ទៃក្នុង ការចូលរួមប្រកបដោយឆន្ទៈ និងស្មារតីបុរេសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធ។

លោកបន្ដទៀតថា ការលេងកីឡាមានសារៈសំខាន់ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានកាយសម្បទាគ្រប់គ្រាន់ ឬមានពិការភាព ដើម្បីទទួលបានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកជាតិ និងអន្ដរជាតិ ហើយក៏មានជីវភាពរស់នៅប្រកបដោយសុខដុមរមនាផងដែរ៕