Meta និង YouTube រងការចោទប្រកាន់ថា រចនាបណ្ដាញសង្គមដើម្បីធ្វើឲ្យកុមារញៀន

10-02-2026 11:30

(បរទេស)៖ ការកាត់ក្ដីនៅចំពោះមុខតុលាការបានចាប់ផ្តើមហើយនៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Meta (ម្ចាស់បណ្តាញសង្គម Instagram, Facebook) និង YouTube របស់ Google ត្រូវបានចោទប្រកាន់ថា បានរចនាបណ្តាញសង្គមរបស់ពួកគេឲ្យមានលក្ខណៈ «ញៀន» សម្រាប់កុមារ និងយុវវ័យ។ ការកាត់ក្ដីនេះកំពុងប្រព្រឹត្តនៅតុលាការកំពូលតំបន់ Los Angeles County ហើយត្រូវបានគេចាត់ទុកថា ជាករណីគំរូសម្រាប់សំណុំរឿងជាច្រើនទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

អ្នកដាក់ពាក្យបណ្តឹង ដែលជាស្ត្រីវ័យ ២០ឆ្នាំម្នាក់ បានអះអាងថា នាងបានចាប់ផ្តើមប្រើ Instagram និង YouTube តាំងពីអាយុតូច ហើយបានក្លាយជាអ្នកប្រើប្រាស់ដែលជក់ចិត្តយ៉ាងខ្លាំង ដោយសារលក្ខណៈរចនាដែលទាក់ទាញ និងបង្កឲ្យការចំណាយពេលើអេក្រង់មានរយៈពេលយូរ តែមិនធុញទ្រាន់។ នាងអះអាងថា ការប្រើប្រាស់ខ្លាំងពេកនេះ បានរួមចំណែកបង្កបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងអារម្មណ៍បាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត។ មេធាវីរបស់ ភាគីដាក់ពាក្យបណ្តឹងបានប្រាប់គណៈវិនិច្ឆ័យថា ឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនបង្ហាញថា បណ្តាញសង្គមទាំងនេះត្រូវបានបង្កើតឡើងដោយដឹងថា អាចចាប់យក និងរក្សាការយកចិត្តទុកដាក់របស់កុមារបានយូរ តាមរយៈមុខងារដូចជា infinite scroll (អូសយ៉ាងណាក៏មិនចប់), autoplay វីដេអូ, និងប្រព័ន្ធផ្ដល់អនុសាសន៍ដោយ algorithm។ ភាគីដាក់ពាក្យបណ្តឹងអះអាងថា ក្រុមហ៊ុនបានដឹងពីហានិភ័យ ប៉ុន្តែមិនបានផ្តល់ការព្រមានគ្រប់គ្រាន់ ឬការការពារសម្រាប់អ្នកប្រើវ័យក្មេង។

ផ្ទុយទៅវិញ Meta និង Google បានបដិសេធការចោទប្រកាន់ ដោយអះអាងថា បណ្តាញសង្គមរបស់ពួកគេមិនបានរចនាឡើង ដើម្បីបង្កគ្រោះថ្នាក់ដល់កុមារ និងថា មានកត្តាផ្សេងៗជាច្រើនដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ ក្រុមហ៊ុនក៏លើកឡើងពីឧបករណ៍គ្រប់គ្រងមាតាបិតា និងវិធានសុវត្ថិភាពដែលពួកគេបានអនុវត្ត។ អ្នកវិភាគផ្នែកច្បាប់និយាយថា សំណុំរឿងនេះមានសារៈសំខាន់ខ្លាំង ព្រោះវាមិនត្រឹមតែផ្ដោតលើមាតិកាដែលអ្នកប្រើបង្កើតប៉ុណ្ណោះទេ ប៉ុន្តែផ្ដោតលើ ការរចនាប្រព័ន្ធបណ្តាញសង្គមផងដែរ។ ប្រសិនបើគណៈវិនិច្ឆ័យសម្រេចឲ្យភាគីដាក់ពាក្យបណ្តឹងឈ្នះ នោះអាចបើកផ្លូវឲ្យមានសំណុំរឿងស្រដៀងគ្នាជាច្រើន និងអាចប៉ះពាល់ដល់ការការពារផ្នែកច្បាប់ដែលក្រុមហ៊ុនបច្ចេកវិទ្យាបានពឹងផ្អែកជាយូរមកហើយ។

មានការរាយការណ៍ថា ក្រុមហ៊ុនផ្សេងៗដូចជា TikTok និង Snap ក៏ធ្លាប់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងស្រដៀងគ្នា ប៉ុន្តែបានដោះស្រាយក្រៅតុលាការមុនពេលចូលដំណើរការកាត់ក្ដី។ សំណុំរឿងប្រឆាំងបណ្ដាញសង្គមជាង ២,០០០ ករណី ត្រូវបានដាក់ស្នើនៅទូទាំងសហរដ្ឋអាមេរិក ដែលធ្វើឲ្យករណីនេះក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់អនាគតឧស្សាហកម្មបណ្ដាញសង្គម៕