Amazon គ្រោងបង្កើត «ផ្សារលក់ទិន្នន័យ» ឱ្យក្រុមហ៊ុន AI ជួលសិទ្ធិពីអ្នកបោះពុម្ពផ្សាយ

10-02-2026 13:07

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon ត្រូវបានរាយការណ៍ថា កំពុងត្រៀមបង្កើតទីផ្សារឌីជីថលថ្មីមួយ ដែលអនុញ្ញាតឱ្យស្ថាប័នសារព័ត៌មាន និងអ្នកបោះពុម្ពផ្សាយ អាចដាក់លក់ ឬជួលសិទ្ធិប្រើប្រាស់មាតិការបស់ពួកគេទៅឱ្យក្រុមហ៊ុន AI។ គម្រោងនេះនឹងត្រូវដាក់ឱ្យដំណើរការតាមរយៈសេវាកម្ម Amazon Web Services (AWS) ដើម្បីក្លាយជាស្ពានចម្លងដ៏សំខាន់ ក្នុងការផ្ដល់ទិន្នន័យដែលមានគុណភាពសម្រាប់យកទៅអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិតទំនើបៗ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ការបង្កើតទីផ្សារនេះ កើតឡើងចំពេលដែលមានការជជែកដេញដោលគ្នាយ៉ាងខ្លាំង រវាងម្ចាស់មាតិកា និងក្រុមហ៊ុនបច្ចេកវិទ្យា AI ជុំវិញការយកព័ត៌មានទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ បច្ចុប្បន្ន ក្រុមអ្នកសារព័ត៌មាន និងអ្នកបោះពុម្ពផ្សាយ កំពុងជំរុញឱ្យមានការបង់ថ្លៃសេវាឱ្យបានត្រឹមត្រូវ ដោយពួកគាត់ចង់បាន «កម្រៃសេវាផ្អែកលើការប្រើប្រាស់ជាក់ស្តែង ដែលនឹងកើនឡើងទៅតាមកម្រិតនៃការយកមាតិកាទៅប្រើ» ដើម្បីការពារផលប្រយោជន៍ និងកម្មសិទ្ធិបញ្ញារបស់ខ្លួន។

ជុំវិញរបាយការណ៍ដែលបានលេចធ្លាយនេះ អ្នកនាំពាក្យរបស់ Amazon បានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នថា ក្រុមហ៊ុន «មិនទាន់មានអ្វីជាក់លាក់ដើម្បីចែករំលែកនៅឡើយទេ» ប៉ុន្តែបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនតែងតែផ្តល់តម្លៃខ្ពស់លើទំនាក់ទំនងយូរអង្វែងជាមួយអ្នកបោះពុម្ពផ្សាយ និងបន្តស្វែងរកអ្វីដែលថ្មីជានិច្ច។

គួរបញ្ជាក់ថា Amazon មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលចាប់យកឱកាសនេះឡើយ ព្រោះកាលពីសប្តាហ៍មុន Microsoft ក៏បានប្រកាសពីគម្រោងស្រដៀងគ្នាដែលមានឈ្មោះថា Publisher Content Marketplace (PCM) ផងដែរ។ ចលនានេះបង្ហាញថា ក្នុងសម័យកាល AI ទិន្នន័យ និងអត្ថបទសារព័ត៌មានដែលមានគុណភាព គឺជាធនធានដ៏មានតម្លៃបំផុតដែលក្រុមហ៊ុនបច្ចេកវិទ្យាមិនអាចខ្វះបានឡើយ៕