ដៃស្ដាំលោក Elon Musk សម្រេចដើរចេញពី Tesla ក្រោយរួមរស់ ១៣ឆ្នាំ ចំពេលក្រុមហ៊ុនកំពុងជួបវិបត្តិ
10-02-2026 16:05
(បរទេស)៖ លោក Raj Jegannathan អនុប្រធានក្រុមហ៊ុន Tesla ដែលជាបុគ្គលិកជើងចាស់ម្នាក់ និងជាអ្នកនៅពីក្រោយជោគជ័យផ្នែកបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធ AI របស់ក្រុមហ៊ុន បានប្រកាសលាលែងពីតំណែងជាផ្លូវការហើយ។ ការដើរចេញរបស់បុគ្គលិកជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីលោកបានរួមសុខរួមទុក្ខជាមួយ Tesla អស់រយៈពេល ១៣ឆ្នាំ ដោយលោកបានសរសេរយ៉ាងខ្លីលើ LinkedIn ថា៖ «ដំណើរការការងារនៅ Tesla គឺជាដំណើរនៃការវិវត្តន៍ឥតឈប់ឈរ»។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ការសម្រេចចិត្តចាកចេញរបស់លោក Jegannathan កើតឡើងចំពេលដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk កំពុងស្ថិតក្នុងស្ថានភាព «រកាំរកូស»។ កាលពីឆ្នាំមុន លោកត្រូវបានចាត់តាំងឱ្យជួយស្ដារការលក់រថយន្តដែលកំពុងដុនដាប ប៉ុន្តែវាជាភារកិច្ចដ៏លំបាកបំផុត ខណៈដែលកេរ្តិ៍ឈ្មោះរបស់ Tesla បានធ្លាក់ចុះ ដោយសារតែឥរិយាបថ និងការបញ្ចេញមតិខាងនយោបាយដ៏ចម្រូងចម្រាសរបស់លោក Elon Musk ផ្ទាល់ គួបផ្សំនឹងការខ្សត់ម៉ូដែលរថយន្តថ្មីៗសម្រាប់ប្រកួតប្រជែង។
គួររំលឹកថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ Tesla ដោយចំណូលបានធ្លាក់ចុះ ៣% ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីអ្នកវិនិយោគ ក្នុងការរុញច្រានគម្រោង «រថយន្តបើកបរដោយខ្លួនឯង» (Driverless cars) ដែលបានសន្យាជាច្រើនឆ្នាំមកហើយនោះ ឱ្យលេចចេញជារូបរាងពិតប្រាកដ។
ការបាត់បង់អ្នកជំនាញផ្នែក AI និង IT កម្រិតខ្ពស់ដូចជាលោក Jegannathan នៅពេលនេះ ត្រូវបានគេមើលឃើញថាជាបញ្ហាប្រឈមបន្ថែមទៀតសម្រាប់ Tesla ក្នុងការព្យាយាមនាំយកបច្ចេកវិទ្យាទំនើបៗជំនាន់ក្រោយមកដាក់លើទីផ្សារឱ្យបានទាន់ពេលវេលា៕











