បណ្ឌិត ថោង ខុន៖ ប្រដាល់​គុនខ្មែរ​មាន​លទ្ធភាព​ឈាន​ទៅ​ទទួល​ស្គាល់​ពី​ចលនា​អូឡាំពិក​អន្តរជាតិ នាពេលអនាគត

10-02-2026 21:46

(ព្រះសីហនុ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រំពឹងប្រដាល់គុនខ្មែរ នឹងមានលទ្ធភាពអាចឈានទៅទទួលស្គាល់ពីចលនាអូឡាំពិកអន្ដរជាតិនាថ្ងៃអនាគត ក្រោយក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងមានសន្ទុះការគាំទ្រដ៏ខ្លាំខ្លា ទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិពិភពលោក លើកទី៦ ប្រចាំឆ្នាំ២០២៥ នៅល្ងាចថ្ងៃអង្គារនេះ នាក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានអត្តពលិកមកពី ២០ប្រទេសចូលរួម គឺមានឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម អាហ្វហ្គានីស្ថាន ចិន ឥណ្ឌា អ៊ីរ៉ង់ នេប៉ាល់ បារាំង អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ កាណាដា សហរដ្ឋអាមេរិក នូវែលហ្សេឡង់ កាមេរ៉ូណ ម៉ូរីស និងម្ចាស់ផ្ទះកម្ពុជា។

ថ្លែងក្នុងពិធីបើកការប្រកួតនេះ លោកទេសរដ្ឋមន្ដ្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ និងកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ នៃបណ្ដាប្រទេសទាំងអស់ ដែលបានចូលរួមការប្រកួតគុនខ្មែរជើងឯកពិភពលោកឆ្នាំនេះ។ លោកថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែដើម្បីលើកស្ទួយជួយគុនខ្មែរទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ ក្រោមប្រធានបទ “កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍” ពិសេសគឺនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថា ជាតារារៈនាទិសនិរតី និងជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

លោកបណ្ឌិត ថោង ខុន បន្ដថា ប្រដាល់គុនខ្មែរមានប្រវត្តិដ៏យូរលង់ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានសិលាចារឹកផ្ទាល់នៅតាមជញ្ជាំងប្រាសាទបុរាណខ្មែរជាច្រើន បន្សល់ទុកដោយបុព្វបុរសដូនតាខ្មែរ ដែលជាការបង្ហាញនូវតឹកតាងយ៉ាងច្បាស់អំពីប្រវត្តិគុនខ្មែរ ហើយលោកសង្ឃឹមថា ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួត គណៈប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់នឹងឆ្លៀតពេលវេលា ដើម្បីបានធ្វើដំណើរទៅទស្សនាដោយផ្ទាល់នូវសិលាចារឹកទាំងនេះនៅខេត្តសៀមរាប។

ដោយមានការគាំទ្រ យកចិត្តទុកដាក់ និងដឹកនាំផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រដាល់គុនខ្មែរ ត្រូវបានថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ឈានឡើងគួរជាទីមោទនៈ រហូតមានការគាំទ្រ និងទទួលស្គាល់យ៉ាងខ្លាំងខ្លាទាំងលើឆាកជាតិ និងអន្តរជាតិ។ ក្នុងនោះ NOCC តែងតែចូលរួមអភិវឌ្ឍន៍កីឡាប្រពៃណីអត្តសញ្ញាណជាតិនេះឲ្យស្របតាមស្តង់ដានៃចលនាអូឡាំពិក រហូតបានទទួលជោគជ័យក្នុងការបញ្ចូលប្រដាល់គុនខ្មែរ និងគុនល្បុក្កតោទៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

តាមរយៈនេះលោកបានបង្ហាញសុទិដ្ឋិនិយមយ៉ាងដូច្នេះថា «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយជវភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកិច្ចសហការយ៉ាងស្អិតរមួតរវាង NOCC ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ និងបណ្តាប្រទេសសហព័ន្ធគុនខ្មែរជាសមាជិក កីឡាប្រដាល់គុនខ្មែរនឹងមានលទ្ធភាពអាចឈានទៅទទួលស្គាល់ជាផ្លូវការពីចលនាអូឡាំពិកអន្តរជាតិ នាពេលអនាគត ជាក់ជាមិនខាន»

សូមបញ្ជាក់ថា ព្រឹត្តិការគុនខ្មែរជើងឯកពិភពលោក លើកទី៦ ដំបូងឡើយគ្រោងរៀបចំកាលពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្ដែដោយសារបញ្ហាព្រំដែន NOCC ក៏បានសម្រេចលើកពេល មករៀបចំនៅដើមខែកុម្ភៈ ឆ្នាំ២០២៦។ ចំពោះប្រតិភូកីឡាគុនខ្មែរបណ្ដាប្រទេសចូលរួមលើកនេះ មានការកើនឡើង ២ប្រទេស បើធៀប កាលពីឆ្នាំ២០២៤ ដែលមាន ១៨ប្រទេសចូលរួម នៅខេត្តសៀមរាប។ រីឯវិញ្ញាសាប្រកួតសរុបមានចំនួន ៥០វិញ្ញាសា ដែលបែងចែកការប្រកួតកម្រិតស្ម័គ្រចិត្ត ពាក់កណ្ដាលអាជីព និងកម្រិតអាជីព៕