ចក្រភពអង់គ្លេស លើកទឹកចិត្តឲ្យអាណាព្យាបាលសួរនាំកូនៗ អំពីមាតិកាបំពុលលើអ៊ីនធឺណិត

11-02-2026 09:27

(បរទេស)៖ រដ្ឋាភិបាលអង់គ្លេស បានអំពាវនាវនិងលើកទឹកចិត្តឲ្យឪពុកម្តាយ និយាយជាមួយកូនៗរបស់ពួកគេ អំពីមាតិកាអវិជ្ជមាន ឬគ្រោះថ្នាក់ ដែលកុមារអាចជួបប្រទះនៅលើបណ្តាញសង្គមអ៊ីនធឺណិត ខណៈពេលដែលរដ្ឋាភិបាលកំពុងពិចារណាពីគុណវិបត្តិ និងអត្ថប្រយោជន៍នៃការហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ ដូចគំរូប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ដោយយោងតាមការស្រាវជ្រាវ បង្ហាញថា ឪពុកម្តាយភាគច្រើនមិនធ្លាប់និយាយជាមួយកូនៗអំពីមាតិកាគ្រោះថ្នាក់ឡើយ ហើយរដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការមួយឈ្មោះថា «You Won’t Know Until You Ask» (អ្នកនឹងមិនដឹងទេ បើអ្នកមិនសួរ) ដើម្បីផ្តល់ជំនួយ និងដំបូន្មានដល់ឪពុកម្តាយក្នុងការចាប់ផ្តើមសន្ទនាជាមួយកូន។ រដ្ឋមន្ត្រីបច្ចេកវិទ្យា លោកស្រី Liz Kendall បាននិយាយថា លោកស្រីដឹងថា ឪពុកម្តាយជាច្រើនមានការព្រួយបារម្ភអំពីអ្វីដែលកូនៗរបស់ពួកគេមើលឃើញ និងធ្វើលើអ៊ីនធឺណិត។ លោកស្រីបន្ថែមថា៖ «យើងប្តេជ្ញាថា នឹងឲ្យកុមារមានវ័យកុមារភាពដូចដែលពួកគេសមនឹងទទួលបាន និងរៀបចំពួកគេសម្រាប់អនាគត»។ ដូច្នេះហើយ យើងគាំទ្រឪពុកម្តាយតាមរយៈយុទ្ធនាការនេះ និងបើកការពិគ្រោះយោបល់អំពីរបៀបឲ្យយុវជនរស់នៅ និងរីកចម្រើនក្នុងសម័យបណ្ដាញសង្គម។

យុទ្ធនាការនេះនឹងជួយឪពុកម្តាយ រៀនប្រើការកំណត់សុវត្ថិភាព (safety settings) លើបណ្ដាញសង្គម និងចាប់ផ្តើមនិយាយជាមួយកូនៗអំពីប្រធានបទដូចជា ព័ត៌មានក្លែងក្លាយ (misinformation) និងមាតិកាគ្រោះថ្នាក់ផ្សេងៗ។ យុទ្ធនាការនេះនឹងមានការផ្សាយតាមទូរទស្សន៍ និងបណ្ដាញសង្គមដូចជា Facebook, Instagram និង TikTok ដំបូងនៅតំបន់ Yorkshire ភាគជើងអង់គ្លេស និងតំបន់ Midlands។ រដ្ឋមន្ត្រីអង់គ្លេស គ្រោងទៅទស្សនកិច្ចប្រទេសអូស្ត្រាលី ដែលបានអនុវត្តការហាមឃាត់នេះកាលពីខែធ្នូ ដើម្បីសិក្សាវិធីសាស្ត្ររបស់ពួកគេ។

គួរជម្រាបថា ការចាប់ផ្តើមយុទ្ធនាការនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនត្រៀមចាត់វិធានការតឹងរឹង ដើម្បីការពារកុមារនៅលើអ៊ីនធឺណិត រួមទាំងគំនិត ហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារក្រោម ១៦ឆ្នាំ ដូចអូស្ត្រាលី។ ប្រទេសផ្សេងៗដូចជា អេស្ប៉ាញ ក្រិក បារាំង ស្លូវេនី និងសាធារណរដ្ឋឆេក ក៏កំពុងពិចារណាវិធានការដូចគ្នា ព្រោះមនុស្សជាច្រើនមានទស្សនៈថា បច្ចេកវិទ្យាមួយចំនួនត្រូវបានរចនាឡើងឲ្យធ្វើឲ្យមនុស្សញៀន៕