Sesko រកបានគ្រាប់តាមស្មើ West Ham ចុងម៉ោងជួយ Man Utd ឡើងទៅកាន់តំបន់កៅអី Champions វិញ

11-02-2026 10:03

(បរទេស)៖ ខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លិប Manchester United រកបាន ១គ្រាប់នៅនាទី៩០+៦ ដើម្បីតាមស្មើម្ចាស់ផ្ទះញញួរធំ West Ham United ក្នុងលទ្ធផល ១-១ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការសង្រ្គោះ ១ពិន្ទុនេះដែរ បានញាំងឱ្យបិសាចក្រហមវិលទៅកាន់តំណែងលេខ៤ ក្នុងតារាង Premier League គិតត្រឹមសប្តាហ៍ទី២៦ ជើងទី២ ដែលជាតំបន់មានកៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ។

នេះមានន័យថា Man Utd នៅរក្សាកំណត់ត្រាលេងមិនចាញ់ ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Michael Carrick ដែលទើបត្រូវបានតែងតាំងចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ជាមួយនឹងការរកបាន ១៣ពិន្ទុ ក្នុងចំណោម ៥ប្រកួតនៃលីគកំពូលអង់គ្លេស។

កីឡាករ Tomas Soucek ជាអ្នករកបានគ្រាប់នាំមុខសម្រាប់ម្ចាស់ផ្ទះ West Ham នៅមុនពេលខ្សែបម្រើប្រេស៊ីល Casemiro តែតបញ្ចូលទីគ្រាប់តាមស្មើនៅនាទី៦៣ ប៉ុន្តែត្រូវបានបដិសេធដោយ VAR ដោយសារស្ថិតក្នុងជំហរ off-side ហើយបិសាចក្រហមត្រូវរង់ចាំដល់នាទីថែមបង្រ្គប់ ៩០នាទីពេញម៉ោង ទើប Sesko រកបានគ្រាប់តាមស្មើ ១-១ ពីការបញ្ជូនរបស់ Bryan Mbeumo។

ទោះជាយ៉ាងណា Man Utd រកបាន ៤៥ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង Arsenal ដល់ទៅ ១១ពិន្ទុ នៅពេលកាំភ្លើងធំនៅសល់ ១ប្រកួតក្នុងដៃ ហើយ West Ham បន្តស្ថិតក្នុងតំបន់គ្រោះថ្នាក់ ដោយមានតែ ២៤ពិន្ទុប៉ុណ្ណោះ៕