ភ្នំពេញក្រោន បញ្ជូនគ្រូ និងកីឡាការិនី ៦រូប ទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុន
11-02-2026 10:31
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជូនគ្រូបង្វឹក និងកីឡាការិនីរបស់ខ្លួនសរុប ៦នាក់ទៅហ្វឹកហាត់រយៈពេល ១សប្ដាហ៍នៅក្លិប Asahi Intecc Loveledge Nagoya នាទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។ ការបោះជំរំហាត់រយៈពេលខ្លីនេះ ធ្វើឡើងបន្ទាប់ពីក្លិបទាំងពីរបានចុះហត្ថលេខាលើកិច្ចសហការឆ្នាំទី២ កាលពីថ្មីៗ។
កញ្ញា ម៉ៅ សាវីន គ្រូបង្វឹកក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានបញ្ជាក់ថា ការហ្វឹកហាត់ជាមួយក្លិប Loveledge គឺជាឱកាសដ៏ល្អ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងរៀនសូត្រពីរបៀបរបបរៀបចំផែនការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ក្លិប ក្នុងនាមក្លិបមួយដ៏ធំ ដែលមានទាំងក្រុមធំ និងកីឡាការិនីវ័យក្មេង សម្រាប់ចូលរួមការប្រកួតលីគជប៉ុនរៀងរាល់ឆ្នាំ។
គួរដឹងថា ក្រុមបាល់ទាត់នារីភ្នំពេញក្រោន គឺជាក្លិបមួយដ៏ជោគជ័យ ក្រោយគ្រងជើងឯកលីគបាល់ទាត់នារី ២រដូវកាលជាប់គ្នា ហើយក៏ជាបេក្ខភាពត្រៀមចូលរួមប្រកួតជើងឯកក្លិបបាល់ទាត់នារីទ្វីបអាស៊ីជាលើកទី២ សម្រាប់រដូវកាលថ្មីឆ្នាំ២០២៦/២៧ ខាងមុខផងដែរ៕



