ដំណឹងល្អសម្រាប់ Big Tech! រដ្ឋបាលលោក ត្រាំ គ្រោងលើកលែងពន្ធបន្ទះឈីប ដើម្បីជំរុញវិស័យ AI
11-02-2026 10:38
(បរទេស)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការដកចេញនូវពន្ធលើបន្ទះឈីបសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) ដូចជា Amazon, Google និង Microsoft។ វិធានការនេះធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ក្រុមហ៊ុនទាំងនោះ ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងមានតម្រូវការខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមសារព័ត៌មាន Financial Times ការលើកលែងពន្ធនេះនឹងត្រូវអនុវត្តតាមរយៈក្រសួងពាណិជ្ជកម្មអាមេរិក។ លក្ខខណ្ឌនៃការលើកលែងនេះ គឺត្រូវបានភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តវិនិយោគរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស TSMC ដែលបច្ចុប្បន្នកំពុងចាក់ទឹកប្រាក់ចំនួន ១៦៥ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងរដ្ឋ Arizona។
ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះនៅមិនទាន់ជាផ្លូវការនៅឡើយទេ ដោយមន្ត្រីរដ្ឋបាលម្នាក់បានបង្ហើបប្រាប់ FT ថា៖ «ផែនការទាំងនេះនៅមានការផ្លាស់ប្តូរនៅឡើយ ហើយលោក ត្រាំ ក៏មិនទាន់បានចុះហត្ថលេខាសម្រេចដែរ»។ នេះមានន័យថា គេត្រូវរង់ចាំមើលការសម្រេចចិត្តចុងក្រោយពីសេតវិមានជាមុនសិន។
គួរជម្រាបថា ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រ «ចំណេញទាំងសងខាង» ដោយរដ្ឋាភិបាលអាមេរិកចង់ជំរុញឱ្យមានការផលិតបន្ទះឈីបក្នុងស្រុកផង និងចង់រក្សាឧត្តមភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក្នុងការប្រកួតប្រជែងផ្នែក AI នៅលើឆាកអន្តរជាតិផងដែរ៕










