រុស្ស៊ីកំពុងរឹតត្បិត Telegram កាន់តែខ្លាំង ដោយអះអាងថា មិនគោរពច្បាប់ និងមិនការពារអ្នកប្រើបានគ្រប់គ្រាន់
11-02-2026 11:59
(បរទេស)៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram ដែលត្រូវបានប្រើប្រាស់ទាំងសម្រាប់ការទំនាក់ទំនងសាធារណៈ និងផ្ទាល់ខ្លួនផងនោះ កំពុងប្រឈមមុខនឹងការរឹតបន្តឹងបន្ថែម ពីអាជ្ញាធររុស្ស៉ី ដោយហេតុផលថា Telegram មិនបានកែតម្រូវកំហុសឬអ្វីដែលគេអះអាងថា ល្មើសច្បាប់នាពេលកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
អង្គភាពត្រួតពិនិត្យទំនាក់ទំនងរបស់រដ្ឋរុស្ស៊ី Roskomnadzor បានចាប់ផ្តើមកំណត់ការប្រើ ការហៅសំឡេង និង ការហៅជាវីដេអូ (Video Calls) តាម Telegram តាំងពីខែសីហាឆ្នាំមុន ហើយក៏ធ្លាប់អនុវត្តវិធានការដូចគ្នាលើ WhatsApp របស់ Meta ផងដែរ។ កាលពីខែកក្កដាឆ្នាំមុនក៏បានបិទកម្មវិធី FaceTime របស់ Apple ក្នុងប្រទេសរុស្ស៊ីផងដែរ។ ប្រការនេះបានបង្ហាញថា រដ្ឋរុស្ស៉ីកំពុងរឹតត្បិតលើបច្ចេកវិទ្យាបរទេសកាន់តែខ្លាំង។
ជុំវិញដំណឹងនេះ ស្ថាបនិក Telegram ដែលកើតនៅរុស្ស៊ីលោក Pavel Durov បាននិយាយថា Telegram នឹងបន្តការពារសេរីភាពក្នុងការបញ្ចេញមតិ, ឯកជនភាពអ្នកប្រើប្រាស់ ដោយសង្កត់ធ្ងន់ថា «មិនថាមានសម្ពាធប៉ុនណាក៏ដោយ»។ តែយ៉ាងណា ងាកមកស្ថាប័នឃ្លាំមើល Roskomnadzor បាននិយាយថា Telegram និងកម្មវិធីផ្ញើសារផ្សេងៗទៀត មិនបានដោះស្រាយបញ្ហាដែលរដ្ឋបានប្តឹងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះទេ។ ដោយចោទកម្មវិធីទាំងនោះថា មិនគោរពច្បាប់រុស្ស៊ី, មិនការពារទិន្នន័យផ្ទាល់ខ្លួនបានល្អ, មិនមានវិធានការប្រឆាំងការបោកប្រាស់ និងមិនទប់ស្កាត់ការប្រើកម្មវិធីសម្រាប់អំពើឧក្រិដ្ឋកម្ម ឬភេរវកម្មឲ្យមានប្រសិទ្ធភាព។ ដោយសារហេតុនេះ អាជ្ញាធរនឹងបន្តដាក់ ការរឹតបន្តឹងជាបន្តបន្ទាប់ ដើម្បីបង្ខំឲ្យគោរពច្បាប់ និងការពារប្រជាពលរដ្ឋ។
អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា Telegram «មិនបានបំពេញតាមតម្រូវការច្បាប់របស់រុស្ស៊ី» ហើយលោកនិយាយថា «គួរឲ្យសោកស្តាយដែលក្រុមហ៊ុនមិនអនុវត្តច្បាប់»៕












