សហស្ថាបនិក xAI លាលែងពីតំណែងបន្តបន្ទាប់ ខណៈ Elon Musk បង្ហាញមហិច្ឆតាយក Data Center ទៅដាក់លើលំហអាកាស

11-02-2026 12:50

(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់មហាសេដ្ឋី Elon Musk កំពុងមានភាពរកាំរកូសផ្ទៃក្នុងយ៉ាងខ្លាំង បន្ទាប់ពីសហស្ថាបនិកសំខាន់ៗចំនួនពីររូប គឺលោក Tony Wu និងលោក Jimmy Ba បានប្រកាសលាលែងពីតំណែងជាផ្លូវការ។ ការចាកចេញនេះបានធ្វើឱ្យចំនួនសហស្ថាបនិកដើមទាំង ១២ រូប ធ្លាក់ចុះមកនៅត្រឹមពាក់កណ្តាលប៉ុណ្ណោះ ក្នុងរយៈពេលមិនដល់ ៣ ឆ្នាំផង បន្ទាប់ពីការបង្កើតក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៦។

បើតាមរបាយការណ៍ពីសារព័ត៌មាន Financial Times មូលហេតុនៃការលាលែងនេះ ត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធនឹង «ភាពតានតឹងផ្ទៃក្នុង» រវាងក្រុមការងារបច្ចេកទេស និងថ្នាក់ដឹកនាំ។ ប្រភពដដែលបានឱ្យដឹងថា លោក Musk បានដាក់សម្ពាធយ៉ាងខ្លាំងលើការបង្កើនសមត្ថភាពម៉ូឌែល AI របស់ខ្លួន ដើម្បីដេញតាមគូប្រជែងធំៗដូចជា OpenAI និង Anthropic ឱ្យទាន់ ដែលការរុញច្រាននេះបានបង្កើតឱ្យមានការខ្វែងគំនិតគ្នាលើផ្នែកបច្ចេកទេស។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Wu និងលោក Ba មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការសម្រេចចិត្តនេះ ឬបង្ហើបពីផែនការនាពេលអនាគតរបស់ពួកគាត់ឡើយ។ អ្នកទាំងពីរបានត្រឹមតែសម្តែងការអរគុណចំពោះលោក Elon Musk សម្រាប់ឱកាសកន្លងមក។

គួរជម្រាបថា ការផ្លាស់ប្តូរចុងក្រោយបំផុតនៅ xAI នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន SpaceX របស់លោក Musk បាននិយាយថា ខ្លួននឹងទិញយក xAI ដើម្បីបង្កើតក្រុមហ៊ុនដែលមានតម្លៃ ១,២៥ ទ្រីលានដុល្លារ ជាមួយនឹងផែនការបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) នៅចុងឆ្នាំនេះ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់មហិច្ឆតារបស់មហាសេដ្ឋីរូបនេះ ក្នុងការដាក់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers) នៅក្នុងលំហអាកាស៕