គ្រូបង្វឹកអ៉ីតាលី De Zerbi លាឈប់ដឹកនាំក្លិប Marseille ក្រោយដឹកនាំចាញ់ PSG ស្ពឹកមុខ

11-02-2026 15:36

(បរទេស)៖ លោក Roberto de Zerbi បានចាកចេញពីតំណែង ក្នុងនាមគ្រូបង្គោលរបស់ក្លិប Marseille ដោយមានការព្រមគ្នាទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអ៉ីតាលីពីក្លិបបារាំងខាងលើនេះ បន្ទាប់ពី Marseille បរាជ័យ ៥-០ ក្រោមថ្វីជើងរបស់ម្ចាស់ការពារជើងឯក Ligue 1 គឺ Paris St. Germain និងការជ្រុះចេញពីពានអឺរ៉ុប UEFA Champions League 2025-26 ក្រោយបរាជ័យក្នុងផ្ទះរបស់ Club Brugge ៣-០ ផងនោះ។

នៅចាំបានថា លោក De Zerbi បានចូលដឹកនាំ Marseille នារដូវក្តៅឆ្នាំ២០២៤ ក្រោយពេលលាឈប់ពីក្លិប Brighton របស់អង់គ្លេស ជាទីដែលលោកចំណាយពេលមិនដល់ ២ឆ្នាំផង។

លោកបានដឹកនាំ Marseille បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ Ligue 1 នារដូវកាលមុន និងបច្ចុប្បន្នធ្លាក់ដល់លេខ៤ បណ្តោះអាសន្ន និងចាញ់ប្រៀបក្រុមកំពូលតារាង PSG ដល់ទៅ ១២ពិន្ទុឯណោះ។

លោក De Zerbi វ័យ ៤៦ឆ្នាំ ក៏ធ្លាប់បានដឹកនាំក្លិប Shakhtar Donetsk របស់អ៊ុយក្រែនដែរ មុនពេលផ្លាស់មកធ្វើការនៅប្រទេសបារាំង៕