សិស្សនិទ្ទេស A ឆ្នាំ២០២៥ ទូទាំងប្រទេស ទទួលបាន SAMSUNG GALAXY TAB A11 PLUS ឧបត្ថម្ភដោយក្រុមហ៊ុន ជីប ម៉ុង តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
11-02-2026 16:30
(ភ្នំពេញ)៖ ពិធីសំណះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រលងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវកម្រិត៣ បានធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ផងដែរ។
ក្រោយការប្រកាសលទ្ធផលបាក់ឌុបឆ្នាំ២០២៥ ជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៥ កន្លងមក ក្រុមហ៊ុន ជីប ម៉ុង ដែលមានលោកអ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិកផ្ទាល់ បានប្រកាសឧបត្ថម្ភ SAMSUNG GALAXY TAB A11 PLUS ចំនួន ៣០២០ គ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទូទាំងប្រទេស ដោយប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
នេះជាលើកទី៥ ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស A ចាប់តាំងពីឆ្នាំ ២០១៨ ដល់ ឆ្នាំ២០២៥នេះ ដែលសរុបជាចំនួនថេបប្ល៊ែតរហូតដល់ទៅជិត ១ម៉ឺនគ្រឿង។
ជីប ម៉ុង ដែលជាក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានវ័យក្មេងនៅក្នុងសង្គម តែងតែចូលរួមលើកទឹកចិត្ត បង្ហាញការកោតសរសើរដល់សិស្សានុសិស្សទាំងអស់ ដែលខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងចំណេះដឹង រហូតមានសមត្ថភាព ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបែបនេះ។ ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ជីប ម៉ុង នឹងនៅតែបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍធនធានជំនាន់ក្រោយ ដែលជាសសររឹងមាំរបស់សង្គមជាតិ តាមរយៈការផ្តល់ឱកាសការងារ ហាត់ការ និងសកម្មភាពឧបត្ថម្ភគាំទ្រផ្សេងទៀត៕











