ពីបុគ្គលិកកម្មសិក្សា ក្លាយជាមេផ្នែកលក់សកល៖ Tesla តែងតាំងថ្នាក់ដឹកនាំថ្មី ចំពេលកំពុងជួបព្យុះភ្លៀង
12-02-2026 08:59
(បរទេស)៖ ក្រុមហ៊ុន Tesla បានសម្រេចតែងតាំងលោក Joe Ward ដែលជាប្រធានប្រតិបត្តិការប្រចាំតំបន់អឺរ៉ុប ឱ្យឡើងមកគ្រប់គ្រងផ្នែកលក់នៅទូទាំងពិភពលោក។ ការសម្រេចចិត្តនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការចាកចេញរបស់ប្រធានផ្នែកលក់ប្រចាំតំបន់អាមេរិកខាងជើង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរថ្នាក់ដឹកនាំជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
ដំណើរជីវិតការងាររបស់លោក Joe Ward គឺជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយលោកបានចាប់ផ្តើមជាមួយ Tesla តាំងពីឆ្នាំ ២០១០ ក្នុងនាមជា «បុគ្គលិកកម្មសិក្សាផ្នែកភស្តុភារ» ប៉ុណ្ណោះ។ តាមរយៈសមត្ថភាព និងការតស៊ូ លោកបានបោះជំហានឡើងឋានៈជាបន្តបន្ទាប់ រហូតក្លាយជាអនុប្រធានប្រចាំតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក (EMEA) កាលពីឆ្នាំ ២០២២ មុននឹងត្រូវមកទទួលបន្ទុកលក់រថយន្តនៅទូទាំងសកលលោកនាពេលនេះ។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងស្ថានភាពដែល Tesla កំពុងរងសម្ពាធខ្លាំងពីការប្រកួតប្រជែងតម្លៃជាមួយក្រុមហ៊ុនរថយន្តចិន និងការធ្លាក់ចុះនៃតម្រូវការទីផ្សារ។ យោងតាមរបាយការណ៍ ចំនួនលក់រថយន្តរបស់ក្រុមហ៊ុនលោក Elon Musk មួយនេះ បានធ្លាក់ចុះពីរឆ្នាំជាប់ៗគ្នា ដែលបង្ខំឱ្យក្រុមហ៊ុនត្រូវងាកទៅរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញអតិថិជនឡើងវិញ ចំពេលដែលកេរ្តិ៍ឈ្មោះម៉ាកយីហោក៏រងផលប៉ះពាល់ខ្លះៗពីជំហរនយោបាយរបស់មេធំខ្លួនផងដែរ។
ទោះបីជាអាជីវកម្មលក់រថយន្តអគ្គិសនីនៅតែជាប្រភពចំណូលធំបំផុតក៏ដោយ ប៉ុន្តែបច្ចុប្បន្ន Tesla កំពុងសម្រេចចិត្ត «បង្វែរទិសដៅទៅផ្តោតលើបច្ចេកវិទ្យាវិញ» ជាជាងការធ្វើជាក្រុមហ៊ុនផលិតរថយន្តសុទ្ធសាធ។ ក្រុមហ៊ុនកំពុងដាក់ទុនយ៉ាងខ្លាំងលើការបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯង (FSD), រថយន្តតាក់ស៊ីឆ្លាតវៃ (Robotaxis) និងមនុស្សយន្ត ដើម្បីត្រៀមខ្លួនសម្រាប់អនាគតថ្មីនៃបច្ចេកវិទ្យា៕













