អង់គ្លេស នឹងប្រកួតកំដៅសាច់ដុំជាមួយណូវែលហ្សេឡង់ និងកូស្តារីកា មុនលេងពាន World Cup 2026
12-02-2026 09:54
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងលេងមិត្តភាពអន្តរជាតិ ២ប្រកួតទល់នឹងណូវែលហ្សេឡង់ និងកូស្តារីកា នាអំឡុងខែមិថុនា ឆ្នាំ២០២៦ នៅឯកីឡដ្ឋានដែលស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
វាជាការត្រៀមលក្ខណៈសម្បតិ្ត មុនពេលព្រឹត្តិការណ៍ World Cup 2026 នៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា មកដល់ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
តោ៣ អង់គ្លេស គឺជាក្រុមមួយដែលធ្វើបានល្អជាងគេ ដោយលេងឈ្នះទាំង ៨ប្រកួតជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប UEFA ដ្បិតក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ លោក Thomas Tuchel នឹងជ្រើសរើសទីលានស្ថិតក្នុងរដ្ឋ Florida ដើម្បីហ្វឹកហាត់ និងប្រកួតជាមួយក្រុមមកពីទ្វីបអូសេអានី ណូវែលហ្សេឡង់ នាថ្ងៃសៅរ៍ ទី០៦ ខែមិថុនា និង ៤ថ្ងៃបន្ទាប់ប៉ះកូស្តារីកា ខណៈទីលានមិនទាន់បានប្រកាស។
អង់គ្លេស ក៏មានជំនួបធំ ២ប្រកួតផងដែរក្នុងពហុកីឡដ្ឋានជាតិ Wembley របស់ខ្លួន មុនពេលជិះយន្តហោះទៅសហរដ្ឋអាមេរិក ដោយប៉ះអ៊ុយរូហ្គាយនាថ្ងៃទី២៧ ខែមីនា និងថ្ងៃទី៣១ នៃខែដដែល ប៉ះសាម៉ូរៃជប៉ុន ដែលសុទ្ធសឹងមានកៅអីលេងពាន World Cup ជំនាន់ទី២៣ ដូចគ្នា៕



