UEFA និងក្លិប Real Madrid បិទបញ្ចប់មហិច្ឆតាបង្កើតពានអឺរ៉ុបថ្មី European Super League

12-02-2026 10:16

(បរទេស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA និងក្លិបអាជីព Real Madrid បានព្រមព្រៀងគ្នា ក្នុងការបិទគម្រោងការបង្កើតពានរង្វាន់អឺរ៉ុបថ្មីមួយទៀតគឺ European Super League។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ESL ដំបូងឡើយ គឺជាគំនិតផ្តួចផ្តើមរបស់ប្រធានក្លិប Real Madrid ក្នុងការគៀគរក្លិបធំៗនៅអឺរ៉ុបដទៃចូលរួមក្នុងកម្មវិធីលីគអាជីពថ្មីរបស់ពួកគេ បើទោះបីជារងសម្ពាធពីរដ្ឋាភិបាលអេស្ប៉ាញ និងអ្នកគាំទ្រយ៉ាងណាក៏ដោយកាលពីអំឡុងឆ្នាំ២០២១ មក។

ទោះជាយ៉ាងណា គម្រោងការថ្មីត្រូវបានប្រកាសលុបចោលវិញ ក្រោយពេលក្លិបយក្សរបស់អេស្ប៉ាញ FC Barcelona បានប្រកាសដកខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពី UEFA ក៏ទទួលបានការបរាជ័យពីការប្តឹងជំទាស់ប្រឆាំងនឹងគម្រោង Super League កាលពីខែតុលា ឆ្នាំ២០២៥ មកដែរ។

ទោះជាយ៉ាងណា UEFA, European Football Clubs (EFC) និង Real Madrid បានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃពុធម្សិលមិញថា «កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងក្នុងការបិទបញ្ចប់ ចំពោះគម្រោងការថ្មីនេះ ដើម្បីភាពស្រស់ស្អាតទាំងអស់គ្នា សម្រាប់ក្លិបបាល់ទាត់នៅអឺរ៉ុបទាំងអស់»។

គួរបញ្ជាក់ផងថា ដំបូងឡើយគម្រោងការ Super League មានបណ្តាក្លិបធំៗចំនួន ១២ក្លិបនៅអឺរ៉ុបចូលរួម គិតចាប់តាំងពីឆ្នាំ២០២១ និងក្រោយមកទៀត បានប្រកាសដកខ្លួនជាបន្តបន្ទាប់ រហូតដល់គម្រោងការនេះត្រូវបានប្រកាសដួលរលំទាំងស្រុងនៅដើមឆ្នាំ២០២៦ នេះ៕