ក្រុមហ៊ុន ប៉េង ហួត គ្រុប រៀបចំកម្មវិធីសំណេះសំណាលលើការសិក្សា និងអាជីពការងារ ជាមួយនិសិ្សតអាហារូបករណ៍ ប៉េង ហួត គ្រុប
12-02-2026 11:11
(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានទទួលស្វាគមន៍និសិ្សតអាហារូបករណ៍ ប៉េង ហួត រួមជាមួយសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូមកពីអង្គការមូលនិធិកុមារកម្ពុជា (CCF) សរុបប្រមាណ ១២០ រូប ក្នុងដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីសំណេះសំណាលស្តីពីការសិក្សា និងការត្រៀមខ្លួនសម្រាប់អាជីពការងារ ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប និងទីលានប្រណាំងឡានបែបធម្មជាតិ ភីអេច ហ្គោលខាដ (PH Go Kart)។
សកម្មភាពបានធ្វើឡើងនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាពជាក់ស្តែង និងរៀបចំខ្លួនសម្រាប់អាជីពនាពេលអនាគតជូននិសិ្សតអាហារូបករណ៍ ប៉េង ហួត និងប្អូនៗសិស្សានុសិស្សដែលរៀនថ្នាក់វិទ្យាល័យនៃអង្គការមូលនិធិកុមារកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន បានរៀបចំវគ្គចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ព្រមទាំងផ្តល់ព័ត៌មានអំពីឱកាសចុះកម្មសិក្សា រួមទាំងការចែករំលែកស្តីពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការសិក្សា និងការស្រាវជ្រាវ ស្របតាមនិន្នាការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។
ក្រៅពីការក្រេបជញ្ជក់ចំណេះដឹង ប្អូនៗនិស្សិត និងលោកគ្រូ-អ្នកគ្រូ ក៏ទទួលបានបទពិសោធន៍ថ្មីប្លែកតាមរយៈការជិះរថយន្តប្រណាំង និងទទួលទានអាហារសាមគ្គីយ៉ាងរីករាយ នៅទីលានប្រណាំង ភីអេច ហ្គោខាដ (PH Go Kart) ដែលជាទីលានប្រណាំងឡានបែបធម្មជាតិដំបូងគេ។ ការរៀបចំកម្មវិធីនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំ ដែលជាសសរស្តម្ភទី១ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមមាន៖ «អប់រំ បរិស្ថាន និងសង្គម»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០២២មក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សមកពីអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៥០ រូប រួចមកហើយ ដើម្បីគាំទ្រដល់ក្តីស្រមៃ និងការបន្តការសិក្សារបស់យុវជនកម្ពុជា៕












