យល់ដឹងកីឡា៖ តិចអត់ដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងតារាងចំណាត់ថ្នាក់ពិភពលោក?
13-02-2026 08:39
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលចាប់ផ្តើមមានសកម្មភាពលើទីលានកាលពីឆ្នាំ២០១៨ បច្ចុប្បន្ននេះ ក៏មានវត្តមាននៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក World Ranking របស់សហព័ន្ធ FIFA ដែរ។
ដោយយោងនៅលើគេហទំព័រ FIFA ផ្ទាល់ ក្រោយពេលធ្វើបច្ចុប្បន្នចុងក្រោយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា ក្រុមនារីគោព្រៃកម្ពុជា គឺស្ថិតនៅលេខរៀងទី១១៧ ក្នុងចំណោម ២១១ប្រទេសសមាជិក FIFA ស្របពេលក្រុមបុរសវិញ គឺស្ថិតនៅលេខ១៧៩ បណ្តោះអាសន្ន។
ប្រភពខាងលើដដែលបានបង្ហាញថា ៣ប្រកួតចុងក្រោយរបស់នារីកម្ពុជា ទទួលបានលទ្ធផលមិនគាប់ប្រសើរឡើយ ពោលគឺ ស្មើ១ និងចាញ់ ២លើក នៃកម្មវិធីជើងឯកស្រ្តីប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Women’s Championship 2025។
ទោះជាយ៉ាង ក្រុមស្រ្តីកម្ពុជា ក៏ស្ថិតនៅពីលើក្រុមនារីដទៃ ដែលផ្នែកបុរសរបស់ពួកគេលេចធ្លោខ្លាំងមានដូចជា ហ្ស៊កហ្ស៊ី ហុងឌុយរ៉ាស់ សិង្ហបុរី កាបុង កូរ៉ាកាវ អាមេនី អ៉ីរ៉ាក់ លីបង់ និងអារ៉ាប់រួម។
ក៏ប៉ុន្តែបើក្រឡេកមើលចំណាត់ថ្នាក់កំពូលតារាងទាំង១០ វិញ (top-10) ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអេស្ប៉ាញ ម្ចាស់ជើងឯក FIFA Women’s World Cup 2023 ឈរទីកំពូលតារាងដូចក្រុមបុរសដែរ តាមពីក្រោយដោយស្រ្តីអាមេរិក ដែលជាម្ចាស់ជើងឯក World Cup ច្រើនជាងគេ។
ជាការកត់សម្គាល់ផងនោះ ក្រុមស្រ្តីរបស់កូរ៉េខាងជើង បានស្ថិតនៅលេខរៀងទី៩ តាមពីក្រោយស្រ្តីជប៉ុនដែលស្ថិតនៅលេខ៨ ហើយកាណាដា បារាំង ប្រេស៊ីល ស៊ុយអែត អង់គ្លេស និងអាល្លឺម៉ង់ ក៏ស្ថិតក្នុងតំណែង top-10 ដូចគ្នា៕



