រុស្ស៊ីសម្រេចបិទកម្មវិធីផ្ញើសារ​ WhatsApp ទាំងស្រុង ហើយណែនាំឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីរបស់រុស្ស៉ីជំនួសវិញ

13-02-2026 09:30

(បរទេស)៖ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា កម្មវិធី WhatsApp ដែលជាកម្មសិទ្ធិរបស់ Meta Platforms ត្រូវបានបិទនៅក្នុងប្រទេសរុស្ស៊ីទាំងស្រុងតែម្តង ព្រោះក្រុមហ៊ុនមិនបានគោរពតាមច្បាប់ក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការសម្រេចបិទនេះគឺបានអនុវត្តរួចហើយ ហើយបានណែនាំឲ្យប្រជាជនប្រើកម្មវិធី «MAX» ដែលជាកម្មវិធីផ្ញើសាររបស់រុស្ស៉ីជំនួសវិញ។ លោកបានបញ្ជាក់ថា MAX គឺជាជម្រើសដែលអាចប្រើបាន MAX គឺជាកម្មវិធីផ្ញើសារទំនើបដែលអភិវឌ្ឍដោយក្រុមហ៊ុន VK ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់រុស្ស៊ី។

ការបិទ WhatsApp ដែលជាកម្មវិធីផ្ញើសារពេញនិយមបំផុតនៅរុស្ស៊ី គឺជាលទ្ធផលនៃសម្ពាធរយៈពេល៦ខែ លើក្រុមហ៊ុនអាមេរិក។ វាក៏បង្ហាញពីគោលនយោបាយរបស់រុស្ស៊ី ក្នុងការបង្កើតប្រព័ន្ធទំនាក់ទំនងក្នុងដែនអធិបតេយ្យរបស់ខ្លួន និងបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបរទេសគោរពច្បាប់ក្នុងស្រុក បើមិនដូច្នេះទេនឹងត្រូវបិទ។ ជុំវិញការបិទកម្មវិធីនេះ ក្រុមហ៊ុន WhatsApp បានលើកឡើងថា ការបិទសេវានេះ គឺជាជំហានថយក្រោយ ហើយអាចធ្វើឲ្យប្រជាជនជាង ១០០លាននាក់នៅរុស្ស៊ី មិនអាចប្រើការទំនាក់ទំនងឯកជន និងមានសុវត្ថិភាពបានទៀត។

ក្រោយការបិទនេះ ឈ្មោះដែន (domain) ខ្លះៗរបស់ WhatsApp ត្រូវបានដកចេញពីបញ្ជីជាតិរបស់រុស្ស៊ី។ ដូច្នេះឧបករណ៍នៅក្នុងប្រទេសមិនអាចភ្ជាប់ទៅកាន់ IP របស់កម្មវិធីបានទេ លុះត្រាតែប្រើ VPN ប៉ុណ្ណោះ។ ស្ថាប័នត្រួតពិនិត្យរបស់រដ្ឋរុស្ស៉ី Roskomnadzor មិនទាន់ឆ្លើយតបទៅនឹងសំណើសុំមតិយោបល់នៅឡើយទេ៕