អង់គ្លេស ត្រូវប្រឈមមុខជាមួយអេស្ប៉ាញ និងក្រូអាត នៅវគ្គចែកពូល ពានរង្វាន់អឺរ៉ុប Nations League

13-02-2026 10:19

(បរទេស)៖ ក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែងអេស្ប៉ាញ ក្រូអាត និងសាធារណរដ្ឋឆេក ក្នុងវគ្គចែកពូលពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2026-27។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កម្មវិធី UNL ជំនាន់ទី៥ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ដោយមានបច្ចខែលព័រទុយហ្គាល់ ជាក្រុមការពារតំណែងជើងឯក ជាលើ់កទី២ របស់ពួកគេ។

ទោះជាយ៉ាងណា តោកំណាចអង់គ្លេសដែលមិនទាន់ស្គាល់ជើងឯក និងក្នុងនាមជាក្រុមរងជើងឯក Euro 2024 ដោយចាញ់គោជល់អេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រនោះ បានឈរនៅទីកំពូលតារាងបណ្តោះអាសន្ននៃ League A3 ដោយមានអេស្ប៉ាញ ក្រូអាត និងសាធារណរដ្ឋឆេក។

ខាងក្រោមនេះ ជាលទ្ធផលចាប់ឆ្នោត UEFA Nations League 2026-27 កាលពីយប់មិញ៖

League A
ពូល A1៖ បារាំង អ៉ីតាលី ប៊ែលហ្សិក និងតួកគី
ពូល A2៖ អាល្លឺម៉ង់ ហូឡង់ ស៊ែប៊ី និងក្រិក
ពូល A3៖ អង់គ្លេស អេស្ប៉ាញ ក្រូអាត និងសាធារណរដ្ឋឆេក
ពូល A4៖ ព័រទុយហ្គាល់ ដាណឺម៉ាក ន័រវេស និងវ៉េល។

League B
ពូល B1៖ ស្កុតឡេន ស្វីស ស្លូវេនី និងម៉ាសេដូន
ពូល B2៖ ហុងគ្រី អ៊ុយក្រែន ហ្ស៊កហ្ស៊ី និងអៀរឡង់ខាងជើង
ពូល B3៖ អ៉ីស្រាអែល អូទ្រីស សាធារដ្ឋអៀរឡង់ និងកូសូរ៉ូ
ពូល B4៖ ប៉ូឡូញ បូស្នី រ៉ូម៉ានី និងស៊ុយអែត។

League C
ពូល C1៖ អាល់បានី ហ្វាំងឡង់ ប៊ែលឡារុស និងសាំងម៉ារ៉ាំង
ពូល C2៖ ម៉ុងតេនីក្រូ អាមេនី កោះស៊ែប ហ្ស៊ីប្រាល់តា/ឡាត់វី
ពូល C3៖ កាហ្សាក់ស្ថាន ស្លូវ៉ាគី កោះហ្វារ៉ូ និងម៉ូដូវ៉ា
ពូល C4៖ អ៉ីស្លង់ បុលហ្គារី អ៉ីស្តូនី និងលិចសាំបួរ/ម៉ាល់តា។

League D
ពូល D1៖ ហ្ស៊ីប្រាល់តា/ឡាត់វី លុចសាំបួរ/ម៉ាល់តា, អង់ដូរ៉ា
ពូល D2៖ លីទុយអានី អាហ្សឺបៃហ្សង់ និងលិចធិនស្ថាន៕