គ្រូបង្វឹកអាល្លឺម៉ង់ Tuchel បន្តដឹកនាំអង់គ្លេស រហូតចប់ពានអឺរ៉ុប Euro 2028

13-02-2026 10:22

(បរទេស)៖ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ លោក Thomas Tuchel បាននិយាយថា រូបលោកបានបន្តកិច្ចសន្យាថ្មី ដើម្បីដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស រហូតដល់ចប់កម្មវិធី UEFA Euro 2028 តែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសវ័យ ៥២ឆ្នាំរូបនេះ បានដឹកនាំតោកំណាចអង់គ្លេសចំនួន ១០ប្រកួតកន្លងមកមិនចាញ់ឡើយ ពោលគឺឈ្នះ ៩លើក និងស្មើ ១លើក គិតចាប់តាំងពីចូលដឹកអង់គ្លេសនាអំឡុងខែមករា ឆ្នាំ២០២៥ ជំនួសតំណែងលោក Gareth Southgate ក្រោមកិច្ចសន្យាតែ ១៨ខែប៉ុណ្ណោះ។

លោកបានថ្លែងថា «មូលហេតុដែលខ្ញុំដឹកនាំឈានដល់ចំណុចកំពូលបែបនេះ គឺមកពីកត្តាកីឡាករទេ។ ចំណុចដ៏គួរកត់សម្គាល់ទាំងនេះ គឺកើតចេញពីឆន្ទៈកីឡាករទាំងអស់ ដែលរូបខ្ញុំបានដឹងរួចមកហើយ កាលដឹកនាំក្លិបលេងនៅ Premier League»

គួរបញ្ជាក់ផងថា Euro 2028 ក៏អង់គ្លេសមានឈ្មោះធ្វើម្ចាស់ផ្ទះជាមួយវ៉េល ស្កុតឡេន និងសាធារណរដ្ឋអៀរឡង់ផងដែរ ដែលជាឱកាសសម្រាប់ក្រុមតោមួយនេះ ដើម្បីប្រជែងជើងឯកពានប្រចាំទ្វីបអឺរ៉ុបជាលើកដំបូង ក្រោយបរាជ័យនៃវគ្គផ្តាច់ព្រ័ត្រ ២លើកចុងក្រោយនេះ តាមរយៈចាញ់អ៉ីតាលី និងអេស្ប៉ាញរួចមក៕