Apple ឈ្នះក្តីជាស្ថាពរលើបណ្តឹងប៉ាតង់ 4G បន្ទាប់ពីតស៊ូក្តីអស់ជាច្រើនឆ្នាំ
13-02-2026 11:17
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ទើបតែទទួលបានជោគជ័យដ៏ធំធេងនៅក្នុងតុលាការរដ្ឋ Texas នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយរួចផុតពីការចោទប្រកាន់របស់ក្រុមហ៊ុន Optis Wireless ពាក់ព័ន្ធនឹងការរំលោភប៉ាតង់បច្ចេកវិទ្យា 4G LTE។ ទោះបីជាកាលពីការកាត់ក្តីលើកមុនៗ Apple ធ្លាប់ត្រូវបានតុលាការបង្គាប់ឱ្យសងសំណងរហូតដល់ ៥០៦ លានដុល្លារ និង ៣០០ លានដុល្លារក៏ដោយ ប៉ុន្តែសាលក្រមទាំងនោះត្រូវបានច្រានចោលវិញនៅពេលប្តឹងឧទ្ធរណ៍ រហូតឈានដល់ការឈ្នះក្តីទាំងស្រុងក្នុងការកាត់ក្តីលើកទី៣ នេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រោយការសម្រេចក្តី អ្នកនាំពាក្យរបស់ Apple បានសម្តែងការពេញចិត្តយ៉ាងខ្លាំងដោយលើកឡើងថា៖ «យើងសូមអរគុណដល់គណៈវិនិច្ឆ័យសម្រាប់ពេលវេលារបស់ពួកគេ ហើយយើងរីករាយដែលពួកគេបានបដិសេធការអះអាងមិនពិតរបស់ Optis។ Optis មិនបានផលិតផលិតផលអ្វីឡើយ ហើយអាជីវកម្មតែមួយគត់របស់ពួកគេគឺការដើរប្តឹងក្រុមហ៊ុននានា ដែលពួកគេបានធ្វើម្តងហើយម្តងទៀតមកលើ Apple ក្នុងគោលបំណងចង់បានប្រាក់សំណងហួសហេតុ»។ ការលើកឡើងនេះ បានបង្ហាញឱ្យឃើញពីជំហររឹងមាំរបស់ Apple ប្រឆាំងនឹងក្រុមហ៊ុនដែលរកស៊ីតាមរយៈការប្តឹងផ្តល់ប៉ាតង់។
គួរជម្រាបថា ជម្លោះច្បាប់ដែលអូសបន្លាយតាំងពីឆ្នាំ ២០១៩ នេះ កើតឡើងដោយសារក្រុមហ៊ុន Optis បានចោទថាទូរស័ព្ទ iPhone បានលួចប្រើបច្ចេកវិទ្យាឥតខ្សែរបស់ខ្លួន។ ទោះជាយ៉ាងណា Apple តែងតែការពារខ្លួនថា ប៉ាតង់ទាំងនោះគ្មានសុពលភាព ហើយការទាមទារសំណងកន្លងមកគឺមិនយុត្តិធម៌។ ទោះបីជាឈ្នះក្តីនៅសហរដ្ឋអាមេរិក ប៉ុន្តែ Apple នៅមានភារកិច្ចតតាំងក្តីនៅចក្រភពអង់គ្លេសបន្តទៀត ដែលតុលាការនៅទីនោះធ្លាប់បានបង្គាប់ឱ្យពួកគេបង់ប្រាក់ ៥០២ លានដុល្លារ ហើយសវនាការប្តឹងឧទ្ធរណ៍នឹងត្រូវធ្វើឡើងនៅខែមិថុនាខាងមុខ៕











